រឿងរ៉ាវក្នុងពិភពបាល់ទាត់ ជាការពិតយើងមិនអាចទស្សន៍ទាយដឹងទុកមុនបានទេ កាន់តែមិនដឹងអំពីអនាគតកីឡាករទៅថ្ងៃមុខ ក្លាយជាបែបណា តែបើសម្តីនោះ ចេញពីមាត់សាមីខ្លួន ឬអ្នកជិតដិតនឹងពួកគេផ្ទាល់ ម្ល៉េះចាំមើលចុះ វានឹងពិត ឥតខុសពីការលើកឡើង។ ងាកមកអត្ថបទនេះ ទំព័រ CTS Sports ច្បិចលើកមកចែករំលែក អំពីផែនការណ៍អនាគតរបស់តារាឆ្នើម Kylian Mbappe និង Cristiano Ronaldo៖
១) AC Milan ជាក្លឹបអ៊ីតាលីតែមួយគត់ដែល Mbappe នឹងទៅចូលរួម
និយាយនេះ ពុំមានន័យថា កីឡាករបារាំងនឹងផ្លាស់ទៅក្លឹបនៅ Serie A នារដូវកាលបន្ទាប់នោះទេ តែយើងក៏មិនអាចប្រកែកទាំងស្រុងបាននោះដែរ។ យ៉ាងណាពាក់ព័ន្ធផែនការណ៍អាជីពទៅថ្ងៃខាងមុខ សម្រាប់ខ្សែប្រយុទ្ធជួរមុខរបស់ PSG បានឆ្លើយតបថា៖ “បើខ្ញុំទៅលេងឲ្យក្លឹបនៅអ៊ីតាលី មានតែក្លឹបមួយគត់ នោះគឺ AC Milan”។
សម្រាប់ក្លឹបម្ចាស់ដី San Siro រាប់បានជាក្លឹបជោគជ័យលំដាប់ទីពីរនៅក្របខ័ណ្ឌកំពូលអ៊ីតាលី បន្ទាប់តែ Juventus។ ចុះបើសួរថា មូលហេតុអ្វីទើប Mbappe សុខៗបែរជាទៅស្រលាញ់ក្លឹបស្ថិតក្នុងទីក្រុង Milan ចម្លើយ៖ គឺមកពីអតីតកាល គ្រានៅក្មេងវ័យ។
យុវជនវ័យ ២៤ ឆ្នាំ ធ្លាប់និយាយប្រាប់សារព័ត៌មាន Gazzetta dello Sport យ៉ាងដូច្នោះថា៖ “ទំនាក់ទំនងរបស់ខ្ញុំ រវាង Milan គឺពិសេសណាស់ ព្រោះកាលនៅតូច ខ្ញុំមានម៉ែដោះជនជាតិអ៊ីតាលី ហើយបានចំណាយពេលជាច្រើន ជាមួយក្រុមគ្រួសាររបស់គាត់ ដែលសុទ្ធសឹងតែជាអ្នកគាំទ្រក្លឹប AC Milan បែបនេះក៏អរគុណដល់ពួកគេ បង្រៀនឲ្យខ្ញុំក្លាយជាអ្នកគាំទ្រ និងបានទស្សនាប្រកួតជាច្រើនរបស់ក្លឹបនោះ”។
រំឭកអំពីសុពលភាពកុងត្រាប្រធានក្រុមជម្រើសជាតិមាន់គកបារាំង ទើបឡើងតំណែងថ្មីថ្មោងបន្តិច នៅក្លឹបស្ថិតក្នុងទីក្រុងប៉ារីស សេសសល់កុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៥ តែយ៉ាងណាសាមីខ្លួន អាចជ្រើសយកផ្លូវដើរចេញ ក្នុងលក្ខខណ្ឌឥតតម្លៃខ្លួន ឬជា Free Agent ត្រឹមឆ្នាំក្រោយតទៅ។ ម្ល៉េះសម្រាប់ AC Milan ក៏រាប់ជាបេក្ខភាពសង្ឃឹមខ្ពស់ផងដែរ ដ្បិតត្រូវផ្តល់ជូនតែប្រាក់ឈ្នួលប៉ុណ្ណោះ។
២) Ronaldo ដាច់ខាតមិនផ្លាស់ទៅក្លឹបអេស្ប៉ាញ Atletico Madrid
បើក្លឹបនៅអង់គ្លេស បារាំង អាល្លឺម៉ង់ ឬក្រៅតំបន់អឺរ៉ុបជាដើម គឺមិនមានការបដិសេធនោះទេ តែនិយាយដល់ឈ្មោះក្លឹបរួមទីក្រុង Madrid ក៏ជាគូប្រជែងរបស់ស្តេចស អតីតក្លឹប Ronaldo ធ្លាប់ឈរជើង ដាច់ខាត សឹងតែចចាមអារ៉ាមក៏មិនចង់លឺ។
វាជាការបញ្ជាក់ចេញពីមាត់ដៃគូស្នេហ៍របស់ CR7 គឺតារាម៉ូដែល Georgina Rodriguez ប្រាប់ប៉ុស្តិ៍ទូរទស្សន៍អេស្ប៉ាញកន្លងទៅថា៖ “ជម្រើសការផ្លាស់ទៅ Atletico Madrid គឺមិនធ្លាប់ស្ថិតក្នុងខួរក្បាល Ronaldo ពីមុនមកឡើយ”។
ការលើកឡើងនេះ ចង់មានន័យថា តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ ទោះទាល់ ទោះអស់ក្លឹបផ្លាស់ចូល ក៏ដាច់ខាតនឹងមិនជ្រើសការផ្ទេរទៅក្លឹបម្ចាស់ដី Wanda Metropolitano ព្រោះដើម្បីបង្ហាញការគោរពដល់អតីតក្លឹបកាន់ឆ្នាំ Real Madrid និងសម្រាប់អ្នកគាំទ្រជាពិសេស៕
ប្រភព៖ បរទេស