Messi ​ប្រាប់​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​ថា ​មិន​ចេញ​ពី PSG ​ទេ​

​ខ្សែ​ប្រយុទ្ធ Lionel Messi ​​បាន​ប្រាប់​ទៅ​មិត្ត​រួម​ក្រុម​នៅ​ជម្រើស​ជាតិ​អាហ្សង់ទីន​ថា ​រូបគេ​នឹង​បន្ដ​លេង​នៅ​ក្លឹប PSG ​ទៀត​នា​រដូវ​កាល​ខាង​មុខ ​មិន​ចាកចេញ​ទៅ​ណា​នោះ​ទេ។

​Messi ឈាន​ដល់​ឆ្នាំ​ចុង​ក្រោយ​នៃ​កុងត្រា​របស់​គេ​ហើយ​ជាមួយ​ក្រុម​នៅ​បារាំង។ ​ការ​បន្ដ​កុងត្រា​ថ្មី​នៅ​មិន​ទាន់​អាច​កើត​មាន​ឡើង​បាន​នោះ​ទេ ​ហើយ​បច្ចុប្បន្ន​ក៏​មាន​ដំណឹង​ថា​ក្លឹប​ជា​ច្រើន​ចង់​បាន​គេ​ទៅ​លេង​ដែរ ​ជា​ពិសេស​ការ​ត្រលប់​ទៅ​លេង​នៅ FC Barcelona ​វិញ​តែ​ម្ដង។ ​ទន្ទឹម​គ្នា​នេះ ​ក៏​មាន​ក្លឹប​នៅ​អាមេរិក ​ចង់​ហៅ​កំពូល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ទៅ​ដូច​គ្នា។

​តែ​បើ​តាម​ប្រភព​នៅ​អាហ្សង់ទីន​បែរ​ជា​ចុះ​ផ្សាយ​បែប​នេះ​ថា Messi ​នឹង​បន្ដ​នៅ PSG ​ទៀត។ ​រូបគេ​ជា​អ្នក​ប្រាប់​ទៅ​មិត្ត​រួម​ក្រុម​នៅ​ជម្រើស​ជាតិ​អាហ្សង់ទីន​ផ្ទាល់​តែ​ម្ដង អំឡុង​ការ​ប្រកួត​មិត្តភាព​កន្លង​ទៅ។ ​បន្ទាប់​ពី​ក្លឹប PSG ​ហើយ ​អតីត​កីឡាករ Barcelona ​រូប​នេះ​មិន​មាន​បំណង​ទៅ​លេង​នៅ​ក្លឹប​ក្នុង​តំបន់​អឺរ៉ុប​ទៀត​ទេ ​ដោយ​អាច​ពិចារណា​ទៅ​លេង​នៅ​អាមេរិក​តែ​ម្ដង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT