អាយុក្មេង ស្រករ ២០ ប្រហែលគ្នា តែវាសនាមិនដូចគ្នា មួយកំពុងក្លាយជាកីឡាករលេចធ្លោប្រចាំក្របខ័ណ្ឌ Premier League បែរមួយទៀតកំពុងធ្លាក់ចុះ សឹងបាត់មុខពីទីលាន នៅក្របខ័ណ្ឌ La Liga។ នោះគឺពាក់ព័ន្ធនឹងរឿងរ៉ាវរបស់ Bukayo Saka របស់ក្លឹប Arsenal និង Ansu Fati របស់ក្លឹប Barcelona៖
១) ឪពុកបង្កើត Fati ជំរុញកូនប្រុសឲ្យដើរចេញ
នៅដើមឆ្នាំ ២០២០ គ្រាទើបវិវត្តខ្លួនមកចូលរួមនៅឈុតធំ ឃើញថាកីឡាករមានសញ្ជាតិដើមហ្គីណេប៊ីសៅ ហាក់ទទួលបានឱកាសញឹកញាប់ ខុសពីបច្ចុប្បន្នក្រោមការដឹកនាំរបស់អ្នកចាត់ការ Xavi Hernandez បែរក្លាយជាតួរង ច្រើនជាប់ឈ្មោះនៅកៅអីបម្រុង ហើយរដូវកាលនេះ ឈរជើងបានតែជាង ១ ៣០០ នាទី ខណៈកីឡាករសកម្មភាគច្រើនចូលជិត ៣ ០០០ នាទីឯណោះ។
ងាកទៅការយល់ឃើញរបស់លោក Bori Fati ជាឪពុកបង្កើត បានប្រាប់ប៉ុស្តិ៍វិទ្យុអេស្ប៉ាញ Cope យ៉ាងដូច្នោះថា៖ “Ansu [Fati] ខ្លួនគេផ្ទាល់អត់ចង់ចាកចេញពី Barcelona ទេ តែខ្ញុំជាឪពុកពិតចង់ឃើញកូនប្រុសខ្លួនឯងជោគជ័យ នេះខ្ញុំនឹងលែងទៅជាន់កីឡដ្ឋាន Camp Nou តទៅទៀតហើយ ខ្ញុំពិតជាខឹងក្លឹបមួយនេះខ្លាំងណាស់”។
លោកបន្ត៖ “ក្នុងកំឡុងពេលមួយខែបន្ទាប់ យើងនឹងមានការជជែករវាងភ្នាក់ងារ Jorge Mendes យ៉ាងពិតប្រាកដ ដើម្បីពិភាក្សាអំពីអនាគតរបស់ Ansu ព្រោះជាក់ស្តែងគេលេងបានតិចពេកហើយ ទាំងដែលយើងកំពុងនិយាយអំពីកីឡាករដែលមានសញ្ជាតិអេស្ប៉ាញ កីឡាករដែលងើបចេញពីថ្នាល Malasia ម្ល៉េះសក្តិសមនឹងទទួលបានឱកាសច្រើនជាងនេះ”។
“ខ្ញុំអត់ដឹងទេ ថាហេតុអ្វី Xavi មិនចង់ប្រើប្រាស់វត្តមានរបស់គេ ខ្ញុំដឹងថាគាត់ប្រាកដមានហេតុផល ពីដើមមក Xavi តែងតែជា idol របស់ខ្ញុំ តែក្នុងនាមជាឪពុក ពិតជាមានចិត្តខឹងសម្បាជំនួសកូនប្រុសជាខ្លាំង”។
គួររំឭកដែរថា កីឡាករជំនាញជើងស្តាំ នៅសេសសល់កុងត្រារយៈពេលយូរជាមួយអ្នកមានបុណ្យ ពោលដល់ចុងខែមិថុនា ឆ្នាំ ២០២៧ ឯណោះ ហេតុនេះបើបន្តអង្គុយបម្រុង ច្រើនជាងជាប់ជម្រើសដំបូង នោះយូរទៅប្រាកដជាធ្លាក់ទាំងប្រជាប្រិយភាព ទាំងទម្រង់លេងមិនខាន។
២) Arsenal ត្រៀមកាដូពិសេសជូន Saka
ខុសពីជោគវាសនារបស់ Fati ងាកមកយុវជនអង់គ្លេស មានសញ្ជាតិដើមនីហ្សេរីយ៉ាឯណេះវិញ គឺកំពុងលេចធ្លោខ្លាំងជាមួយក្លឹបនៅឯ Premier League។ ឈរជើង ៣៨ ប្រកួត ក៏រកបាន ១៣ គ្រាប់ និង Assist ១០ លើក សរុបនាទីលើទីលានចូលជិត ៣ ០០០ នាទី តែយ៉ាងណាកុងត្រារបស់គេកៀកនឹងបញ្ចប់ទៅហើយ នៅចុងខែមិថុនា ឆ្នាំក្រោយ ២០២៤។
ហេតុផលនេះ ទើបនាំឲ្យ Arsenal ប្រញាប់ប្រញាល់រិះរកវិធី ថ្ពក់យកបេះដូង Saka ឲ្យបន្តនៅច្រើនឆ្នាំទៅមុខ ជាមួយការចរចាកុងត្រាថ្មី ត្រៀមផ្តល់ជូនពិសេស លើប្រាក់ឈ្នួលបច្ចុប្បន្នគុណជា ៤ ឯណោះ។ ជាការពិតនៅសុពលភាពសេសសល់ ខ្សែប្រយុទ្ធស្លាបស្តាំ រកបានតែ ៧០ ០០០ ផោន នេះតាមផែនការណ៍ថ្មីរបស់ក្លឹប គឺចង់បន្ថែមដល់ ៣០០ ០០០ ផោន/សប្តាហ៍ ឬប្រមាណ ១៥ លានផោន/ឆ្នាំ ខ្ពស់ជាងទាំង Gabriel Jesus និង Thomas Partey។
ក៏ប៉ុន្តែបើធៀបជារួមក្នុងប្រវត្តិសាស្រ្តក្លឹប គឺនៅឈរលេខ ២ ទាបជាង Mesut Ozil កាលជំនាន់រជ្ជកាលមាសរបស់គេ អាចរកបានដល់ ៣៥០ ០០០ ផោន៕
ប្រភព៖ បរទេស