ខ្សែការពារ Matthijs de Ligt របស់ Bayern Munich មានការភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តរបស់ក្លឹបក្នុងការចែកផ្លូវជាមួយគ្រូបង្វឹក Julian Nagelsmann ហើយនិយាយថាវាពិបាកទទួលយកណាស់។ក្រុមយក្សអាល្លឺម៉ង Bayern Munich បានបញ្ចប់តំណែងរយៈពេលដ៏ខ្លី ២០ខែរបស់ Nagelsmann កាលពីថ្ងៃសុក្រ ហើយបានតែងតាំង Thomas Tuchel យ៉ាងឆាប់រហ័សជាអ្នកស្នងតំណែងរបស់គាត់។
គ្រប់គ្នាហាក់មានការភ្ញាក់ផ្អើល ខណៈដែលក្លឹបកំពុងតែស្ថិតក្នុងការប្រជែងពានធំៗបី។ De Ligt ដែលបានចាកចេញទៅបំពេញកាតព្វកិច្ចអន្តរជាតិជាមួយហូឡង់ ដែលមិនបានដឹងមុនពីការបញ្ចប់តំណែងលោក Nagelsmann បានចេញមកបង្ហាញអារម្មណ៍ផ្ទាល់ខ្លួន។គាត់បានប្រាប់ទូរទស្សន៍ហូឡង់ NOS ថា៖
“ខ្ញុំភ្ញាក់ផ្អើល។ យើងជាក្រុមលេខ២ក្នុងលីគ និងក្នុងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Champions League។ យើងនៅតែលេងដើម្បីឈ្នះគ្រប់យ៉ាង។ អ្នកដែលទទួលបន្ទុក ជាអ្នកសម្រេចចិត្តថានរណាជាគ្រូបង្វឹក ប៉ុន្តែវាជាការសម្រេចចិត្តដ៏ពិបាកដែលពិបាកនឹងទទូលយក។ ប៉ុន្តែខ្ញុំក៏ជឿថា Tuchel ជាគ្រូបង្វឹកដែលស័ក្តិសមនឹងពួកយើង”៕
*[FotMob]