FIFA ​ដក​ឥណ្ឌូណេស៊ី ​មិន​ឱ្យ​ធ្វើ​ម្ចាស់​ផ្ទះ FIFA U20 World Cup ​នោះ​ទេ​

​សហព័ន្ធ​បាល់ទាត់ FIFA ​បាន​ប្រកាស​ជា​ផ្លូវការ​ដក​សិទ្ធិ​ប្រទេស​ឥណ្ឌូណេស៊ី ​មិន​ឱ្យ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍ FIFA U20 World Cup ​នៅ​ឆ្នាំ​២០២៣​នេះ​នោះ​ទេ។

​មាន​រឿង​រ៉ាវ​មួយ​ចំនួន​បាន​កើត​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ទាក់ទង​នឹង​ការ​ធ្វើ​ម្ចាស់​ផ្ទះ FIFA U20 World Cup ​នេះ។ ជាក់​ស្ដែង​កោះ​បាលី ​បាន​បដិសេធ​មិន​ព្រម​ទទួល​ក្រុម​ភ្ញៀវ​អ៊ីស្រាអែល​នោះ​ទេ​ក្នុង​ការ​ប្រកួត​នេះ ​ហើយ​រឿង​នេះ​កើត​ចេញ​ពី​បញ្ហា​សាសនា​ផង​ដែរ។ ​ការ​ប្រកែក​មិន​ព្រម​នេះ​ហើយ ទើប​បាន​ជា​មាន​រឿង​កើត​ឡើង ​រហូត​ដល់ FIFA ​ដក​សិទ្ធិ​ជា​ម្ចាស់​ផ្ទះ​ចេញ ហើយ​អាច​នឹង​បន្ថែម​ការ​ពិន័យ​ទៅ​ទៀត​ចំពោះ​ប្រទេស​ឥណ្ឌូណេស៊ី​នេះ។

​ក្នុង​លិខិត​ដែល FIFA ​ចេញ ​បញ្ជាក់​ច្បាស់​ថា​៖ “FIFA ​បាន​សម្រេច​ចិត្ត​ ដើម្បី​ដក​ប្រទេស​ឥណ្ឌូណេស៊ី​ធ្វើជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​ U-20 World Cup 2023។ ម្ចាស់ផ្ទះថ្មី​នឹង​ត្រូវបាន​ប្រកាស​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដោយ​កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​បច្ចុប្បន្ន​នៅ​មិន​ផ្លាស់​ប្តូរ។ ការ​ដាក់​ទណ្ឌកម្ម​​ក៏​អាច​ត្រូវបានសម្រេចនៅដំណាក់​កាល​ក្រោយ​”។

​រំលឹក​ថា​ FIFA U20 World Cup 2023 ​នឹង​ត្រូវ​ចាប់​ផ្ដើម​ប្រកួត​នៅ​ខែ​ឧសភា​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​ហើយ។ ​ក្រុម​ដែល​នឹង​ចូល​រួម​មាន​ចំនួន​២៤​ប្រទេស ​ចេញ​ពី​៦​ទ្វីប​ផ្សេង​គ្នា ​ធ្វើ​ការ​ប្រកួត​ពី​ថ្ងៃ​ទី ២០​ខែ​ឧសភា ​រហូត​ដល់​ថ្ងៃ​ទី​១១​ខែ​មិថុនា​ឆ្នាំ​២០២៣​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT