Enrique ​ចង់​ដឹក​នាំ​ក្រុម​នៅ Premier League ​ដែរ តែ​មិន​ទាន់​ច្បាស់​ក្លឹប​ណា

​លោក​ Luis Enrique ​អតីត​គ្រូ​បង្វឹក​ FC Barcelona ​និង​ជម្រើស​ជាតិ​អេស្ប៉ាញ ​បាន​បង្ហើប​ពី​គម្រោង​ក្នុង​ការ​ទៅ​ដឹក​នាំ​ក្រុម​នៅ Premier League ​ហើយ​។

​Enrique ​បាន​ចាកចេញ​ពី​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ​ក្រោយ​ពី​ពួកគេ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ FIFA World Cup 2022 ​ចុង​ឆ្នាំ​២០២២​នេះ។ រហូត​មក​ដល់​ពេល​នេះ ​លោក​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ទៅ​ដឹក​នាំ​ក្រុម​នៅ​ទី​ណា​នោះ​ទេ ដោយ​អាច​នឹង​រង់ចាំ​ឱកាស​ល្អ​ក្នុង​ការ​ដឹក​នាំ​ក្រុម​នៅ English Premier League ​តែ​ម្ដង អាច​នឹង​រដូវ​កាល​ថ្មី​ខាង​មុខ។

​បុរស​វ័យ​៥២​ឆ្នាំ​​បាន​និយាយ​ថា​៖ “ខ្ញុំ​បាន​តាមដាន​គ្រប់​ក្រុម​នៅ Premier League ​ព្រោះ​ខ្ញុំ​ចង់​ទៅ​អង់គ្លេស​ដើម្បី​ធ្វើ​ការ​នៅ​ទី​នោះ។ ខ្ញុំ​មិន​ទាន់​សម្រេច​ថា​នឹង​ទៅ​ណា​ទេ ប៉ុន្តែ​រឿង​មួយ​ដែល​ខ្ញុំ​ប្រាកដ​នោះ​គឺ​អាច​ធ្វើ​រឿង​សំខាន់​បាន”។ មក​ដល់​ពេល​នេះ ​នៅ​អង់គ្លេស​ក្លឹប Spurs ​កំពុង​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី​ស្រាប់ ​ហើយ​ពួកគេ​ក៏​បាន​ដាក់​លោក Enrique ​នេះ​ជា​បេក្ខភាព​ម្នាក់​ដែល​ចង់​បាន​មក​ដឹក​នាំ​ក្រុម​បន្ដ​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT