ប្រភពនៅប្រទេសចិន បានចុះផ្សាយថាអាជ្ញាកណ្ដាលជាច្រើននាក់ក្នុងលីគប្រទេសនេះ កំពុងជាប់ពាក់ព័ន្ធករណីរៀបចំលទ្ធផលទុកមុនការប្រកួត ដែលនឹងអាចប្រឈមទោសធ្ងន់ធ្ងរ។
សហព័ន្ធបាល់ទាត់ប្រទេសចិន បានបង្ហាញឈ្មោះអាជ្ញាកណ្ដាលដូចជា Ma Ning, Fu Ming និង Zhang Lei កំពុងជាប់ចោទពីបទរៀបចំលទ្ធផលទុកក្នុងការប្រកួត។ ប្រការនេះកើតមានឡើង ក្រោយពីគេសង្កេតឃើញថាឱ្យតែការប្រកួតកាត់ក្ដីដោយអាជ្ញាកណ្ដាលទាំង៣ ភាគច្រើនមានភាពមិនប្រក្រតីនោះទេ។ ជាក់ស្ដែង ការប្រកួតទល់ក្រុម Shanghai Port ជាមួយ Shandong Taishan ជាដើម ដែលគេមើលឃើញច្បាស់ៗថាអាជ្ញាកណ្ដាលកាន់ជើងក្រុម Shanghai Port ខ្លាំង។
ខាងសហព័ន្ធបាល់ទាត់ចិន កំពុងពិនិត្យទៅលើរឿងនេះ ហើយអាចនឹងមានការចោទប្រកាន់ផងដែរ ចំពោះមន្ត្រីអាជ្ញាកណ្ដាលខាងលើ។ ដោយលីគបាល់ទាត់ចិន កន្លងមកក៏មានបញ្ហាច្រើនកើតឡើងផងដែរ ទាក់ទងទៅនឹងការរៀបចំលទ្ធផលទុកមុននេះ។ មានទាំងកីឡាករ គ្រូបង្វឹក និងមន្ត្រីអាជ្ញាកណ្ដាលសុទ្ធតែធ្លាប់មានបញ្ហានេះទាំងអស់ ហើយភាគច្រើនការពិន័យទៅលើពួកគេ គឺហាមមិនឱ្យទាក់ទងលើវិស័យនេះមួយជីវិត៕