​ក្រោយ​ចប់​ការ​ប្រកួត Grealish តែង​ហូត​លុយ​ជិត ៣០ មុឺន​រៀល​លើ​អាហារ​អស់​នេះ ខុស​ពី Ronaldo

បងប្អូន​យើង​អ្នក​និយម​ស្នេហា​កីឡា​បាល់ទាត់ តាម​បណ្តា​តារាង​ធំ​តូច សង្កេត​ឃើញ​មួយ​ផ្នែក​ក្រោយ​ចប់​ការ​ប្រកួត ច្រើន​ជុំ​គ្នា​ដាក់​មួយ​យួរ​ពី​យួរ ខ្លះ​ក៏​បបួល​គ្នា​ទៅ​ហូប​សាច់​អាំង ឬ​អាហារ​ទៅ​តាម​ចំណង់​ដែល​ចូលចិត្ត។

​អ្នក​ធ្លាប់​ឆ្ងល់​ដែរ​ទេ ចុះ​សម្រាប់​កីឡាករ​អាជីព​កំពូលៗ​នៅ​តំបន់​អឺរ៉ុប​វិញ ដែល​ជា​មធ្យម​យ៉ាង​ហោច​ណាស់​ក៏​ ១ ប្រកួត​ក្នុង​មួយ​សប្តាហ៍ ខ្លះ​លោត​ដល់ ២ ទៅ ៣ ​តើ​បន្ទាប់​ចប់​ភារកិច្ច​លើ​ទីលាន ពួក​គេ​និយម​ទទួល​ទាន​អ្វី​ទៅ ហើយ​ជា​របស់​ប៉ូវ​ដល់​កម្រិត​ណា​ដែរ? ក្នុង​អត្ថបទ​នេះ CTS Sports សូម​ច្បិច​លើក​មក​បង្ហាញ​នូវ​ទម្លាប់​របស់​តារា​ឆ្នើម​សញ្ជាតិ​អង់គ្លេស និង​ព័រទុយហ្គាល់៖

១) របប​អាហារ​ក្រោយ​ចប់​ការ​ប្រកួត​របស់ Jack Grealish

សព្វថ្ងៃ​នៅ​បន្ត​ជាប់​ឈ្មោះ​ជា​កីឡាករ​អង់គ្លេស​មាន​តម្លៃ​ផ្ទេរ​ខ្ពស់​បំផុត មិន​ទាន់​មាន​នរណា​បំបែក​បាន ហើយ​កំពុង​សម្ងំ​កើប​ប្រាក់​រាប់​សិប​លាន ទាំង​ប្រាក់​ឈ្នួល​ទទួល​បាន​ពី​ក្លឹប ក៏​ដូច​ជា​ប្រាក់​ឧបត្ថម្ភ​ពី Sponsor នានា។

ថ្មីៗ​កន្លង​ទៅ​នេះ ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប Man City ក៏​បាន​ទម្លាយ​តាម​រយៈ​វីដេអូ​បង្ហោះ​ចែកចាយ​លើ TikTok ថា​គេ​ជា​អ្នក​ដែល​និយម​ទទួល​ទាន​អាហារ​បែប​ចិន ហើយ​តែង​ទម្លាប់​ទៅ​កុម្ម៉ង់​យក​មក​បរិភោគ​ជា​ប្រចាំ បន្ទាប់​ចប់​ការងារ​លើ​ទីលាន។

Grealish រៀបរាប់​ថា៖ “ខ្ញុំ​ចូលចិត្ត​អាហារ​បែប​ចិន ហើយ​តែងតែ​ទទួល​ទាន​វា​ក្រោយ​ចប់​ការ​ប្រកួត​នីមួយៗ ដោយ​ខ្ញុំ​តែង​ទៅ​កុម្ម៉ង់​នៅ​អាហារដ្ឋាន Wings’ ក្នុង​ទីក្រុង Manchester ដោយ​មាន​ដូច​ជា​មីឆា​សិង្ហបុរី បាយ​ឆា​ពង​ទា ដំឡូង​បំពង​ហិល​ប្រៃ បង្គា​អំបិល​ម្រេច រួច​មក​ស្រោច​ទឹក​ជ្រលក់​ការី”។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន SportBible បាន​វាយ​តម្លៃ​ខ្ទង់​ចំណាយ​លើ​អាហារ​អស់​នោះ ដែល​ចូល​ប្រហែល​ជិត ៦៩ ដុល្លារ ឬ​ជាង ២៨០ ០០០ រៀល តែ​វា​មិន​ជា​បញ្ហា​ចោទ​សម្រាប់ Grealish ឡើយ ដ្បិត​ប្រាក់​ឈ្នួល​រក​បាន​ពី City មួយ​សប្តាហ៍​ចូល​ជិត ៣៧ មុឺន​ដុល្លារ​ឯ​ណោះ។

២) របប​អាហារ​ក្រោយ​ចប់​ការ​ប្រកួត​របស់ Cristiano Ronaldo

ដោយឡែក​សម្រាប់ CR7 ជាអត្តពលិកមានកាយសម្បទារឹងមាំ​ រាងកាយក្មេងមិនសមអាយុចាស់ ក្រឡេកទៅចំណង់​លើ​អាហារ​ហូប​ចុក​ក្រោយ​ចប់​ការ​ប្រកួត មើល​ទៅ​រាង​ល្អ​ជាង Grealish បន្តិច ដ្បិត​មាន​ដូច​ជា​ភីហ្សា​មួយ​ចំណិត ផ្លែ​ឈើ​មួយ​ផ្នែក​ធំ និង​អាហារ​សម្រន់​ផ្សេង​ទៀត ដែល​សម្បូរ​ទៅ​ដោយ​កាបូអ៊ីដ្រាត។ នេះ​បើ​តាម​សារព័ត៌មាន AS បាន​ចុះ​ផ្សាយ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ចំពោះ​ភីហ្សា​ដែល Ronaldo ទទួល​ទាន គឺ​វា​មិន​ជា​ប៉ះពាល់​អ្វី​ខ្លាំង​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​រាប់​ជា​អាហារ​ដែល​ងាយ​នឹង​ផ្តល់​ថាមពល ប្រូតេអ៊ីន​ត្រលប់​មក​រាងកាយ​វិញ ចំណែក​ឯ​អាហារ​សម្រន់​សម្បូរ​ទៅ​ដោយ​កាបូអ៊ីដ្រាត រួម​មាន​ទឹកដោះ​គោ​ជូរ ម្សៅ​ស្រូវ​សាលី និង​នំ​ចំណី​តូចៗ មាន​ផ្ទុក​ជាតិ​សរសៃ ​ប្រូតេអ៊ីន និង​សារធាតុ​ចិញ្ចឹម​ជា​ដើម៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT