សហព័ន្ធបាល់ទាត់អន្ដរជាតិ FIFA បានសម្រេចបង្កើនការចំណាយទៅឱ្យក្លឹបដែលមានកីឡាករចូលលេងព្រឹត្តិការណ៍ FIFA World Cup នាពេលខាងមុខរហូតដល់ទៅ៧០%ឯណោះ។
កាលពី FIFA World Cup 2022 កន្លងទៅ FIFA ចំណាយអស់២០៩លានដុល្លារឱ្យទៅបណ្ដាក្លឹបនានាដែលមានកីឡាករចូលរួមប្រកួត។ ខណៈដែលតាមគម្រោងសម្រាប់ FIFA World Cup 2026 & 2030 ខាងមុខវិញ ការចំណាយទៅឱ្យក្លឹបនឹងកើនឡើងខ្លាំង ពោលគឺអាចដល់ ៣៥៥លានដុល្លារឯណោះ។ ការបង្កើននេះ ត្រូវបានប្រកាសឡើងបន្ទាប់ពី FIFA បានជួបជាមួយសមាគមន៍បាល់ទាត់អឺរ៉ុបកាលពីពេលថ្មីៗនេះ។
ជាមួយគ្នានឹងការចំណាយកើនឡើងនេះដែរ FIFA World Cup 2026 ខាងមុខដែលធ្វើឡើងនៅអាមេរិក កាដាណា និងមិចសិកូ ក៏មានផ្លាស់ប្ដូររូបមន្ដ តំឡើងចំនួនក្រុមចូលរួមផងដែរ។ ចំនួនក្រុមកើនពី៣២រហូតដល់៤៨ក្រុម ចំនួនប្រកួតកើនពី៦៤ប្រកួត ទៅ១០៤ប្រកួត និងមានរយៈពេលរហូតដល់៣៩ថ្ងៃឯណោះ។ FIFA ក៏បានប្រកាសទៀតថា នៅឆ្នាំ២០២៥ នឹងមានការប្រកួត FIFA Club World Cup ទៀត។ នេះសបញ្ជាក់ឱ្យឃើញថាកីឡាករនឹងមានការប្រកួតច្រើនមិនខាន៕