ក្លឹបនៅលីគកំពូលអាមេរិកទាំង២៩ បានជួបពិភាក្សាគ្នាដើម្បីស្វែងរកវិធីធ្វើយ៉ាងណាអាចនាំខ្សែប្រយុទ្ធ Lionel Messi មករួមក្រុមឱ្យបាននារដូវកាលក្រោយនេះ។
Messi នឹងផុតកុងត្រានៅ PSG ត្រឹមចប់រដូវកាលនេះហើយ។ បច្ចុប្បន្នមិនទាន់មានការបន្ដកុងត្រាថ្មីនៅឡើយទេ ហើយក៏មានដំណឹងក្លឹបជាច្រើនចង់បានគេផងដែរ។ ក្នុងនោះក៏មានក្លឹបនៅអាមេរិក Inter Miami ទាក់ទងច្រើនដងផងដែរ ប៉ុន្តែមិនអាចទៅរួចជាមួយតម្លៃពលកម្មដ៏ខ្ពស់របស់កីឡាករអាហ្សង់ទីននេះបានទេ។ ប្រភពនៅអេស្ប៉ាញអះអាងថា តម្លៃពលកម្មរបស់ Messi អាចនឹង ១,១លានដុល្លារក្នុងមួយសប្ដាហ៍ ដោយនេះគឺលើសពីច្បាប់កំណត់របស់លីគកំពូលអាមេរិកទៅហើយ។
តែទោះជាយ៉ាងនេះក្ដី បច្ចុប្បន្នក្លឹបទាំង២៩នៅលីគអាមេរិក បានជួបនិយាយគ្នាហើយដើម្បីរកដំណោះស្រាយឱ្យក្លឹបណាមួយយក Messi មកលេងឱ្យបាន។ គោលដៅធំដែលក្លឹបទាំងអស់នៅអាមេរិក ចង់បាន Messi នោះ ក៏ព្រោះតែពួកគេចង់ឱ្យលីគ MLS របស់អាមេរិកល្បីឈ្មោះជាងមុនបន្ដិច មុនប្រទេសនេះធ្វើម្ចាស់ផ្ទះ FIFA World Cup 2026 ខាងមុខ៕