លោក Jose Mourinho បានបង្ហាញតម្រុយចាកចេញពីក្រុម Roma នាចប់រដូវកាលនេះហើយ ក្រោយពីក្លឹបនិងសាមីខ្លួនរកមិនឃើញផ្លូវក្នុងការបន្ដកុងត្រាថ្មីនោះទេ។
Mourinho បានផ្លាស់ទៅដឹកនាំក្រុម Roma នៅឆ្នាំ២០២១ និងបានជួយក្លឹបនេះស្គាល់ការឈ្នះពានកម្រិតអឺរ៉ុបជាលើកដំបូងគឺ Europa Conference League កាលពីរដូវកាលមុន។ យ៉ាងណាមិញ អនាគតរបស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់នេះហាក់មិនទាន់ប្រាកដប្រជានៅឡើយទេ ក្រោយពីរដូវកាលនេះលោកបានបង្ហាញអារម្មណ៍មិនពេញចិត្តជាមួយថ្នាក់ដឹកនាំក្លឹបច្រើន។
ការមិនពេញចិត្តនោះ គឺដោយសារតែថ្នាក់ដឹកនាំក្រុម Roma មិនបានផ្ដល់អ្វីតាមដែលលោកចង់បាន ជាពិសេសទៅលើការទិញដូរកីឡាករផ្ទាល់តែម្ដង។ បុរសវ័យ៦០ឆ្នាំ មានឆន្ទៈ និងទាមទារចុះកុងត្រាកីឡាករថ្មីច្រើននាក់ដើម្បីមកពង្រឹងក្រុម ប៉ុន្តែថ្នាក់ដឹកនាំហាក់មិនអើរពើលើរឿងនេះទេ។ ដូច្នេះហើយ ទើបការបន្ដកុងត្រាថ្មី មិនទាន់អាចកើតមានឡើងបានទេ ឬលោក Jose អាចនឹងចេញពី Roma នៅចប់រដូវកាលនេះតែម្ដង បើសិនជាក្លឹបបន្ដមិនចាប់អារម្មណ៍ទៅលើការចង់បានរបស់លោកទៀត៕