Real Madrid ត្រៀម​កញ្ចប់​យក្ស ទាក់​យក Haaland ខណៈ PSG សម្លឹង​ឃើញ​កីឡាករ​ព័រទុយហ្គាល់ ទុក​ជំនួស Messi

នៅ​សល់​តែ​ជាង ២ ខែ​ទៀត​ប៉ុណ្ណោះ រដូវ​កាល​បាល់ទាត់​ទូទាំង​តំបន់​អឺរ៉ុប​នឹង​ត្រូវ​បាន​បញ្ចប់ ហើយ​ត្រលប់​មក​វិញ​ជា​ថ្មី ពាក់ព័ន្ធ​ចចាមអារ៉ាម​នាំ​ចេញ​នាំ​ចូល​កីឡាករ ក៏​បន្ត​ងើប​ឡើង ជាក់ស្តែង​ដូច​ក្លឹប​អធិរាជ​ស Real Madrid ​នៅ​តែ​សម្លឹង​មើល​គោលដៅ​ចាស់ ស្រប​ពេល​ខាង​ក្លឹប​សេដ្ឋី Paris Saint-Germain ឯ​ណោះ ក៏​ត្រៀម​លក្ខណៈ​ជា​បណ្តើរៗ ក្នុង​ការ​បាត់បង់​តារា​ឆ្នើម Lionel Messi។

នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ កំឡុង​ International Break មាន​ព័ត៌មាន​ចចាមអារ៉ាម​ដ៏​ក្តៅ​គគុក ២ ដែល CTS Sports សូម​លើក​មក​ចែករំលែក​ជូន​បងប្អូន​ឲ្យ​បាន​ដឹង៖

១) ផែនការណ៍ ‘Operation Erling Haaland’

វា​ជា​ផែនការណ៍​ខ្នាត​យក្ស រៀបចំ​ឡើង​ដោយ​ក្លឹប​អធិរាជ​ស Real Madrid ក្នុង​ការ​ចង់​ថ្ពក់​យក​មនុស្ស​យន្ត Erling Haaland ដោយ​មិន​ចាំ​បាច់​ឆ្លង​កាត់ ការ​យល់​ព្រម​ពី​សំណាក់​ក្លឹប​អាណាព្យាបាល។ នោះ​គឺ​មាន​ន័យ​ថា ឲ្យ​តែ​កិច្ច​ព្រមព្រៀង​តម្លៃ​ផ្តាច់​កុងត្រា ដល់​ពេល​ចូល​មក​ដល់ គឺ​ភាគី​ក្លឹប​ចង់​បាន នឹង​បញ្ចេញ​កញ្ចប់​ថវិកា​ទៅ​ភ្លែត។

ជា​ការ​ពិត​សំពៅ​មាស City បាន​ថ្ពក់​យក​យុវជន​ន័រវេស ចេញ​ពី Dortmund កាល​រដូវ​ក្តៅ នៅ​តម្លៃ​ល្បាក់​ជាង ៥០ លាន​ផោន​ប៉ុណ្ណោះ ដល់​តែ​កិច្ច​ព្រមព្រៀង​តម្លៃ​ផ្តាច់​កុងត្រា ត្រូវ​ដំណើរការ​នា​ឆ្នាំ​ក្រោយ ២០២៤ គឺ​ឡើង​ដល់ ១៩០ ទៅ​ជាង ២១០ លាន​ផោន។

នេះ​មាន​ន័យ​ថា បើ​ទោះ​បី Haaland ជាប់​កុងត្រា​ជាមួយ​ក្លឹប​ម្ចាស់ដី Etihad ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៧ ក៏​គេ​នៅ​តែ​មាន​សិទ្ធ​អាច​ដើរ​ចេញ ទៅ​ចុះចូល​នៅ​ក្លឹប​ដទៃ​ ប្រសិន​ភាគី​ក្លឹប​ចង់​បាន ហ៊ាន​ទូទាត់​លើ​ប្រាក់​ផ្តាច់​កុងត្រា​ក្នុង​ទំហំដ៏ច្រើន​​មហាសាល​ខាង​លើ។

តាម​សារព័ត៌មាន AS បាន​ចុះ​ផ្សាយ ក្លឹប​ក្រោម​ការ​ដឹកនាំ​ដោយ​ប្រធាន​លោក Florentino Perez បាន​ដាក់​ឈ្មោះ Haaland ជា​គោលដៅ​អាទិភាព ហើយ​ក៏​នឹង​មិន​ញញើត​ក្នុង​ការ​ចាយវាយ​ប្រាក់​ជាង ២០០ លាន​ផោន​នោះ​ដែរ។ វា​គឺ​ជា​យុទ្ធវិធី​រៀប​ឈុត​ប្រយុទ្ធ​រជ្ជកាល​ថ្មី ដោយ​ក្លឹប​ម្ចាស់ដី Bernabeu ចង់​បូក​បញ្ចូល​គ្នា រវាង Haaland, Kylian Mbappe និង Vinicius Jr នា​ថ្ងៃ​អនាគត។

២) PSG សម្លឹង​ឃើញ​អ្នក​ត្រៀម​ជំនួស Messi

ស្រប​ពេល​សុពលភាព​កុងត្រា​របស់​តារា​ឆ្នើម​អាហ្សង់ទីន​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ​ក៏​ជា​ហេតុ​នាំ​ឲ្យ​ក្លឹប​ស្ថិត​ក្នុង​ទីក្រុង​ប៉ារីស មាន​ការ​ព្រួយបារម្ភ ​ព្រោះ​តាម​ភាគរយ​សព្វថ្ងៃ សង្ឃឹម​ទាប​ណាស់​ដែល Messi នឹង​បន្ត​នៅ។

ហេតុ​នេះ​ទើប​ក្លឹប​ PSG បាន​ប្រញាប់ប្រញាល់​ស្វែងរក​អ្នក​ជំនួស នៅ​តំបន់​ស្លាប រួច​មើល​ឃើញ​ថា Rafael Leao ​កីឡាករ​វ័យ​ក្មេង​របស់​ក្លឹប AC Milan គឺ​ជា​អ្នក​ស្នង​ដ៏​សក្ដិសម។ នេះ​បើ​តាម​សារព័ត៌មាន Calciomercato បាន​ចុះ​ផ្សាយ។

សព្វថ្ងៃ​កីឡាករ​វ័យ ២៣ ឆ្នាំ សញ្ជាតិ​ព័រទុយហ្គាល់ ​កំពុង​ឈរ​ជើង ក្នុង​នាម​ជា​ចំណែក​ដ៏​សំខាន់ ក្រោម​ការ​ដឹកនាំ​របស់​លោក Stefano Pioli ហើយ​សុពលភាព​កុងត្រា​សេសសល់​ជិត ១៥ ខែ​ទៀត។ យ៉ាង​ណា PSG អាច​សាកល្បង​ចរចា​នៅ​តម្លៃ​សម​ល្មម តែ​ក៏​ត្រូវ​ប្រជែង​ជាមួយ​ភាគី​ចង់​បាន​នៅ​អង់គ្លេស​តោ​ខៀវ Chelsea ឬ​ផ្លូវ​ឆាប់​សម្រេច​មួយ​ផ្សេង​ទៀត គឺ​ទិញ​ផ្តាច់​កុងត្រា​នៅ​តម្លៃ​ប្រហែល ១៣០ លាន​ផោន៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT