ល្អ​ដូច​ផ្កា​នៅ UCL តែ​ខុស​គោលការណ៍ ៣ ​នេះ ទើប Bayern ដក Nagelsmann ​ផុយ​ដូច​ដក​ស្ពៃ

ជា​អ្នកចាត់ការ​កំពូល​ដែល​មាន​វ័យ​ក្មេង​បង្អស់ ចុះ​ឡើង​បែរ​កើត​ដំណឹង​ភ្ញាក់ផ្អើល បន្ទាប់​តែ​ក្លឹប​ Bayern Munich ប្រកាស​ដក​តំណែង ឥត​មាន​ការ​គ្រោង​ទុក​កាល​ពី​ថ្ងៃ​ទី ២៤ មិនា ឆ្នាំ ២០២៣ កំឡុង International Break ជា​ពេលវេលា​ដែល​ក្លឹប​បាល់ទាត់​ត្រូវ​ដក​ឃ្លា​ពី​ការ​ប្រកួត​លើ​ទីលាន។

នេះ​ក៏​បន្ទាប់​តែ​លទ្ធផល​ចាប់ឆ្នោត​វគ្គ ៨ ក្រុម​ចុង​ក្រោយ Champions League ទើប​ប្រកាស​ផ្លូវការ​មុន​នោះ​ប៉ុន្មាន​ថ្ងៃ កំណត់​ហើយ​ស្រេច​ថា​ត្រូវ​ប៉ះ Man City នា​ពាក់​កណ្តាល​ខែ​ក្រោយ តែ​ឥឡូវ​បែរ​ត្រូវ​អស់​តំណែង ដ្បិត​បើ​ស្ថិតិ​ដឹកនាំ​ក្លឹប​នៅ​ពាន​អឺរ៉ុប រដូវ​កាល​នេះ មាន​អត្រា​ឈ្នះ ១០០ ភាគរយ​ក៏​ពិត​មែន។

ចាប់​តាំង​ពី​វគ្គ​ចែក​ពូល មក​ទល់​វគ្គ ១៦ ក្រុម ឆ្លង​ផុត​អស់​ហើយ មិន​ថា​តែ​គីឡូ​ធ្ងន់ Barcelona, Inter Milan ឬ​សូម្បី​តែ​ក្លឹប​សេដ្ឋី Paris Saint-Germain សរុប ៨ ប្រកួត ក្រោម​ការ​ដឹកនាំ​របស់​ Nagelsmann បាន​ឈ្នះ​ទាំង ៨ ប្រកួត។ ចុះ​សួរ​ថា ហេតុអ្វី​បាន​ជា​សុខៗ​ក្លឹប​ស្ថិត​ក្នុង​ទីក្រុង Munich ប្រកាស​ដក​តំណែង​គ្រូ​វ័យ ៣៥ ឆ្នាំ ផុយៗ​ដូច​ដក​ស្ពៃ​យ៉ាង​ដូច្នោះ?

បើ​តាម​ការ​ឲ្យ​ដឹង​ពី​កាសែត Sky Sports នៅ​ឯ​ប្រទេស​អាល្លឺម៉ង់ ចុះ​ផ្សាយ​ថា Nagelsmann បាន​ដើរ​ខុស​គោលការណ៍ ៣ ចំណុច ទើប​ជា​ហេតុ​នាំ​ឲ្យ​ថ្នាក់​ដឹកនាំ​ក្លឹប Bayern ឈាន​ដល់​ការ​សម្រេច​ចិត្ត​បញ្ចប់​កុងត្រា​មុន​កាល​កំណត់។

ទី ១) គឺ​ការ​ធ្លាក់​ចុះ​ទម្រង់​លេង​នៅ​ក្របខ័ណ្ឌ Bundesliga ដោយ​ជា​ការ​ពិត យើង​ពុំ​បាន​មើល​ឃើញ​ចំណុច​វិជ្ជមាន​កើត​ឡើង​នោះ​ទេ ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​ថមថយ​ចាប់​តាំង​ចប់​ការ​ប្រកួត World Cup។ ជាក់ស្តែង​មក​ទល់​ជុំ​ទី ២៥ នៅ​ក្របខ័ណ្ឌ​កំពូល​អាល្លឺម៉ង់ Bayern បែរ​ជា​ភ្លាត់ ដល់​ធ្លាក់​មក​ឈរ​ចំណាត់ថ្នាក់​ទី ២ ចាញ់ Borussia Dortmund ចំនួន ១ ពិន្ទុ នេះ​វា​ខុស​ពី​រដូវ​កាលៗ​មុន ត្រឹម​ជុំ​ប៉ុណ្ណេះ ក្លឹប​នាំ​មុខ​ដាច់​ពិន្ទុ​បាត់​ទៅ​ហើយ។

ទី ២) គឺ​កង្វះខាត​ភាព​ជា​អ្នក​ដឹកនាំ ខ្វះ​យុទ្ធវិធី​លើ​ការ​ចរចា​នាំ​ចូល​កីឡាករ​កំពូល។ យើង​បាន​មើល​ឃើញ​ហើយ Bayern ពេល​ចុង​ក្រោយ ហាក់​ខ្វះ​កីឡាករ​មាន​ទេពកោសល្យ រួច​គុណភាព​កីឡាករ​ដែល​មាន​ស្រាប់ មើល​ទៅ​ក៏​មិន​មាន​អ្វី​ដែល​ល្អ​ប្រសើរ​ឡើង​នោះ​ដែរ។ ធំ​បំផុត​ជុំវិញ​ស្ថានភាព​លើ​ទីផ្សារ​ដោះដូរ ក្រោម​ការ​ដឹកនាំ​របស់ Nagelsmann កន្លង​មក ហាក់​មិន​បាន​សាយភាយ​ឥទ្ធិពល​អូស​ទាញ​ចិត្ត​ កីឡាករ​គោលដៅ​កំពូល​ណា​មួយបាន​។

ទី ៣) គឺ​ការ​ខ្វះ​ឆន្ទៈ ស្រោចស្រង់​ស្ថានការណ៍​ត្រលប់​មក​វិញ។ នេះ​ជា​ហេតុផល​ធំ​បំផុត ជាក់ស្តែង​ដូច​បរាជ័យ​ក្រោម​ថ្វី​ជើង Bayer Leverkusen ២-១ ​នា​ថ្ងៃ​ទី ១៩ មិនា ស្រាប់​តែ​រំលង​ទៅ​ថ្ងៃ​បន្ទាប់ គ្រូ​វ័យ​ក្មេង​ខាង​លើ បែរ​យក​ពេល​ទៅ​លំហែ​កាយ ជិះ​ស្គី​ទឹកកក​នៅ​ប្រទេស​អូទ្រីស​ទៅ​វិញ ដោយ​វា​ខុស​ពី​ការ​ចង់​បាន​របស់​ក្លឹប គឺ​ទាមទារ​អ្នកចាត់ការ​ដែល​មាន​ឆន្ទៈ មាន​ច្បាប់​វិន័យ ហើយ​តាម​ស្ថានការណ៍​ជួបប្រទះ គួរ​ណា​តែ​មក​រិះរក​វិធី​ពង្រឹង​ក្រុម ជួប​ប្រជុំ​ជាមួយ​កីឡាករ​ដើម្បី​រក​ចន្លោះ​ប្រហោង មិន​គួរ​ធ្វើ​មិន​អើពើ​បែប​ហ្នឹង​ឡើយ។

រំឭក​ឲ្យ​បងប្អូន​យើង​បាន​ដឹង​បន្តិច ជុំវិញ​ការ​ចំណាយ​លើ​ប្រាក់​ផ្តាច់​កុងត្រា Nagelsmann មុន​កាល​កំណត់ គឺ​ក្លឹប​បាន​ចេញលុយពីហោប៉ៅ ទូទាត់លើ​ប្រាក់​ឈ្នួល​សេសសល់​រយៈ​ពេល ២ ឆ្នាំ​កន្លះ​ពេញ​ថ្លៃ ដ្បិត​អី​តាម​សុពលភាព​ត្រូវ​ផុត​នៅ​ឆ្នាំ ២០២៦ ឯ​ណោះ។ មួយ​ឆ្នាំ​ក្លឹប​ត្រូវ​ចាយ​ ៨ លាន​អឺរ៉ូ មាន​ន័យ​ថា សល់ ២ ឆ្នាំ​កន្លះ ទោះ​មិន​បាន​ប្រើប្រាស់ Nagelsmann ក៏​តម្រូវ​ឲ្យ​ចាយ​ពេញ​ថ្លៃ ចូល​ល្បាក់ ២០ លាន​អឺរ៉ូ រួច​បើ​សរុប​ទាំង​គ្រា​ថ្ពក់​ចេញ​ពី RB Leipzig ផង គឺ​ចូល ៦៥ លាន​អឺរ៉ូ បូក​ទាំង​ប្រាក់​ឈ្នួល៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT