គ្រូជម្រើសជាតិថៃ៖ ” របៀបដែលទីម័រលេងយប់មិញគឺដូចទៅនឹងការគិតទុករបស់យើង “

ក្រុមជម្រើសជាតិថៃ ដែលជាក្រុមការពារតំណែងជើងឯក AFF Suzuki Cup ឆ្នាំ ២០១៦ កាលពីយប់មិញបានបំបាក់ក្រុមម្ចាស់ផ្ទះក្លែងក្លាយ ទីម័រខាងកើត ៧ ទល់នឹង ០ ក្នុងការប្រកួតវគ្គជម្រុះពូល B ក្នុងទីក្រុងបាងកកប្រទេសថៃ ។

ក្រោយចប់ការប្រកួត លោក Milovan Rajevac បានថ្លែងថា៖ ” ទីម័រខាងកើត គឺពិតជាបានលេងដូចទៅនឹងអ្វីដែលយើងចង់បានពិតមែន។ ពួកគេព្យាយាមវាយសំរុកមកលើយើង ហើយបណ្តាោយឱ្យកន្លែងខ្លះទូលាយនៅតំបន់ការពារ ដែលធ្វើឱ្យយើងអាចឆក់យកឱកាស ។ ” ។

លោកបន្តថា៖ ” គ្រាប់ជាច្រើនដែលយើងស៊ុតចូលគឺកើតចេញពីការលេងទម្រង់ទប់ទល់វាយបក ( Counter Attacks ) និងព្យាយាមលេងបាល់លឿន អញ្ចឹងហើយពួកគេបានធ្វើឱ្យការងាររបស់យើងងាយស្រួល ដែលអាចបង្ហាញក្នុងលទ្ធផលចុងក្រោយ ” ។

គួរឱ្យដឹងផងដែរថា លទ្ធផលគឺបានកើតឡើង បើទោះបីជាថៃអវត្តមានកីឡាករសំខាន់ៗ ៤រូបដែលលេងនៅក្រៅប្រទេស និងដូចជាកីឡាករមុតស្រួច Chanathip Songkrasin និង Teerasil Dangda ដែលធ្វើឱ្យពួកគេពិបាកនឹងរកអ្នកជំនួសក៏ដោយ ប៉ុន្តែលទ្ធផល ៧-០ នេះគឺគួរតែគ្រប់គ្រាន់ក្នុងការឆ្លើយតបហើយ ។

ដូចនេះ ថៃ ឈរកំពូលតារាង ពូល B មាន ៣ពិន្ទុស្មើជាមួយនឹងសិង្ហបុរី ហើយពួកគេនឹងត្រូវជួប ឥណ្ឌូនេស៊ី ដែលជាគូប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពី ២ឆ្នាំមុន នៅថ្ងៃទី ១៧ ខែ វិច្ឆិកា ខាងមុខ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT