អង់គ្លេស ​សង្ឃឹម​យក​ឈ្នះ​អ៊ីតាលី​នៅ​ទឹក​ដី​ពួកគេ​ជា​លើក​ដំបូង​តាំង​ពី​ឆ្នាំ​១៩៦១

​ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម​នៃ​ពាន​រង្វាន់ Euro 2024 ​នឹង​ចាប់​ផ្ដើម​ហើយ​នៅ​រាត្រី​នេះ ​គូ​ពិសស​គឺ​អង់គ្លេស ​នឹង​ធ្វើ​ដំណើរ​ទៅ​អ៊ីតាលី​នៅ​វេលា​ម៉ោង​២:៤៥​នាទី​រំលង​អាធ្រាត្រ។

​នេះ​ជា​ការ​ប្រកួត​ដំបូង​របស់​អង់គ្លេស​ផង​ដែរ ចាប់​តាំង​ពី​ពួកគេ​បញ្ចប់​បេសកកម្ម​នៅ​ពាន​រង្វាន់ FIFA World Cup 2022 ​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​ដោយ​ចាញ់​បារាំង។ មួយ​វិញ​ទៀត ​ការ​ប៉ះ​អ៊ីតាលី​នេះ​ដែរ ក៏​អាច​និយាយ​ថា​ជា​ជំនួប​សងសឹក​វិញ​ផង​ដែរ ព្រោះ​អ៊ីតាលី​នេះ​ហើយ​ដែល​យក​ឈ្នះ​អង់គ្លេស​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Euro 2020 ​កន្លង​ទៅ​ដោយ​ការ​ទាត់​ប៉េណាល់ទី។ ប្រសិន​បើ​អង់គ្លេស​ធ្វើ​បាន​ល្អ​នៅ​រាត្រី​នេះ អាច​យក​ឈ្នះ​អ៊ីតាលី​បាន ​នោះ​វា​ជា​លើក​ដំបូង​សម្រាប់​តោ​កំណាច​មួយ​នេះ​ហើយ​ដែល​ឈ្នះ​នៅ​ទឹក​ដី​អ៊ីតាលី​តាំង​ពី​ឆ្នាំ​១៩៦១​មក។

​លោក Gareth Southgate ​បាន​និយាយ​ថា​៖ “យើង​មិន​ដែល​ឈ្នះ​ទេ​នៅ​អ៊ីតាលី​តាំង​ពី​ឆ្នាំ​១៩៦១​មក ​ហើយ​នៅ​មាន​​កំណត់ត្រា​ប្រវត្តិសាស្ត្រ​​ផ្សេង​ៗ​ដែល​យើង​ត្រូវ​តែ​បំបែក​ផង​ដែរ។ ​យើង​មិន​ត្រូវ​ការ​អ្វី​មក​បញ្ជាក់​នោះ​ទេ ព្រោះ​កីឡាករ​របស់​យើង​សុទ្ធ​តែ​មាន​បទ​ពិសោធ​ក្នុង​ការ​ប្រកួត​ធំ​ៗ​ជា​ច្រើន។ ពួកគេ​ដឹង​ច្បាស់​ថា​ពួកគេ​នឹង​ត្រូវ​ប្រកួត​ក្នុង​កម្រិត​ខ្ពស់​បំផុត​មួយ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT