ឯកឧត្តម​ វ៉ាត់ ចំរើន៖ ភ្លើងជា​និមិត្តរូប​ ដ៏​សំខាន់​ក្នុង​វិស័យ​កីឡា វា​មាន​ប្រវត្តិ​យូរ​មក​ហើយ​

​នៅ​វេលា​ព្រឹក​ថ្ងៃទី​ ២១ ខែមីនា ឆ្នាំ ២០២៣ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហ​មុនី​​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះ​អង្គសព្វ​ព្រះ​រាជហឫ​ទ័យស្តេច​យាង​ជា​ព្រះ​រាជា​ធិបតីដ៏​ខ្ពង់ខ្ពស់​បំផុត ​ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និង​ពិធី​រត់ភ្លើង​គប់​កីឡា ​សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង​កីឡា​អាស៊ានប៉ារ៉ាហ្គេម​លើក​ទី​១២​ ឆ្នាំ២០២៣ ​នៅ​ប្រាសាទ​អង្គរ​វត្ត ​ខេត្ត​សៀមរាប។

 

​ឯកឧត្តម វ៉ាត់ ចំរើន ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍ (CAMSOC) ​និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា​ (NOCC) ​ក៏​បាន​បក​ស្រាយ​ខ្លះ​ៗ​ទាក់ទង​ទៅ​នឹង​ព្រះអគ្គិជ័យកីឡា​ដែល​នឹង​ត្រូវ​ដង្ហែរ​ទៅ​កាន់​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ាន​ផង​ដែរ។ ​ឯកឧត្តម ​បន្ដ​ថា​ព្រះ​អគ្គិកីឡាជានិមិត្តរូប ​នៃការប្រកួតកីឡាជាអន្ដរជាតិ ដែល​មាន​ប្រវត្តិតាំង​ពី​អូឡាំពិក​សម័យ​បុរាណ ​នៅប្រទេសក្រិក ទាំងអូឡាំពិកសម័យបុរាណ ២០០០ឆ្នាំមុនគ្រិស្ដសករាជ និង​ការ​ប្រកួត​អូឡាំពិក​សម័យ​ទំនើប។ ការរៀបចំ​សុំភ្លើងអាទិទេពកីឡា ដើម្បីជានិមិត្តរូប នៃ​សេចក្ដីសុខ​ សេចក្ដីចំរើន និងជានិមិត្តរូបនៃថាមពលរបស់ជីវិតមនុស្ស នៅលើភពផែនដី ហើយ​ក៏​ដើម្បី​គោលការណ៍ ​នៃចលនារួមក្នុងវិស័យកីឡា ​អូឡាំពិកផងដែរ។ ​

 

​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍ (CAMSOC) ​បន្ថែម​ថា៖ “​ភ្លើង ​ជានិមិត្តរូបមួយ ដែលបញ្ជាក់ថា ប្រជាជនមានថាមពល សក្ដានុពលកីឡា ឬគុណតម្លៃ អូឡាំពិក​។ ភ្លើង ​ជានិមិត្តរូប ​នៃមិត្តភាព ​សាមគ្គីភាព​ និងនិមិត្តរូប ​នៃ​សុខ​សន្ដិភាព និង​និមិត្ត​រូប​នៃ​សុភ​មង្គល របស់ប្រជាជន នៅលើភពផែនដីនេះ។ ដូច្នេះ គេ តែង​យកភ្លើង​ទៅបើកក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍ ​កីឡាធំៗ រហូត ​ទៅដល់ពិធីបិទ ​ទើបអាចភ្លើងនេះរលត់បាន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT