ឯកឧត្តម ​ថោង ខុន ៖ព្រះអគ្គិជ័យកីឡា ​ជា​និមិត្ត​រូប​នៃ​កម្លាំង​ថាមពល​ជីវិត​មនុស្ស​សត្វ

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធាន​ក្រុមប្រឹក្សាសហព័ន្ធ​កីឡា​អាស៊ីអា​គ្នេយ៍ ​និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានក្រាបបង្គំទូលថ្វាយ និង​លើកបង្ហាញ​ពី​អត្ថន័យ​ដ៏ជ្រាលជ្រៅ​បំផុត​​របស់​«ព្រះអគ្គិជ័យកីឡា» ដែលជានិមិត្តរូបនៃកម្លាំងថាមពល​របស់​ជីវិត​មនុស្ស​សត្វ ​និងជាសភាវៈធម៌ដ៏បរិសុទ្ធ ដែលផ្តល់នូវសេចក្តីសុខ សុភមង្គល និង​សន្តិភាព​ដល់​មនុស្ស​ជាតិ​ទាំង​អស់​រស់​នៅ​លើ​ភពផែនដី​ តាមប្រធានបទ “​កីឡានាំមកនូវសាមគ្គីភាព មិត្តភាព និងសន្តិភាព”។

នៅក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា នៅព្រឹកថ្ងៃអង្គារ៍ ១៥រោច ខែផល្គុន ឆ្នាំ​ខាល​ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ខេត្ត​សៀមរាប ឯកឧត្តមបណ្ឌិត ថោង ខុន បានក្រាប​បង្គំ​​ទូល​ថ្វាយ​​ព្រះករុណាព្រះបាទសម្តេច​ព្រះ​បរមនាថ​ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទី​គោរពសក្ការៈដ៏​ខ្ពង់​ខ្ពស់​បំផុត​ និង​ជំរាប​ដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះ​រាជា​ណា​ចក្រកម្ពុជា និងសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីជាច្រើនរូបទៀត រួម​ទាំងលោក Dato’ Seri Chaiyapak Siriwat ប្រធានប្រតិបត្តិសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និង លោក​ឧត្តម​សេនីយ៍ ​Osoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន។

«ក្នុងនាមក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ទូលព្រះបង្គំ សូមក្រាបបង្គំទូលថ្វាយ ព្រះអគ្គិជ័យកីឡាមានប្រវត្តិ និងខ្លឹមសារស៊ីជម្រៅជាប់ពាក់ព័ន្ធភ្លើងកីឡាអូឡាំពិក ដែលកាលពីប្រមាណជាង ២០០០ឆ្នាំ មុនគ.ស.។ រៀងរាល់ការប្រារព្ធពិធីប្រកួតកីឡាអូឡាំពិកបុរាណ នៅលើភ្នំអូឡាំព្យា ប្រទេសក្រិកបុរាណបានយកភ្លើងពីកំដៅព្រះអាទិត្យ ដើម្បីបើកការប្រកួតកីឡាអូឡាំពិក រហូតដល់បច្ចុប្បន្ន»។ ឯកឧត្តមបណ្ឌិត ថោង ខុន បានក្រាបបង្គំ​ទូល​​ថ្វាយ និងគូសបញ្ជាក់បន្ថែម។

ព្រះអគ្គិជ័យកីឡាមានអត្ថន័យជ្រាលជ្រៅស៊ីជម្រៅជានិមិត្តរូបនៃកម្លាំងថាមពលនៃជីវិតមនុស្សសត្វ និងជាសភាវៈធម៌ដ៏បរិសុទ្ធ ដែលផ្តល់នូវសេចក្តីសុខ សុភមង្គល និងសន្តិភាព ដល់មនុស្សជាតិទាំងអស់រស់នៅលើភពផែនដី តាមបាវចនា “កីឡានាំមកនូវសាមគ្គីភាព មិត្តភាព និងសន្តិភាព”។ ជាធម្មតាគ្រប់ព្រឹត្តិការណ៍ Olympic អន្តរជាតិ Olympic អាស៊ី និង Olympic អាស៊ីអាគ្នេយ៍ តែងបានរៀបចំការរត់ភ្លើងគប់ទៅកាន់ប្រទេសសមាជិក មុនចូលដល់ប្រទេសម្ចាស់ផ្ទះ។ ផ្តើមចេញពីប្រវត្តិ និងខ្លឹមសារព្រះអគ្គិជ័យកីឡា ទើបព្រះរាជាណាចក្រកម្ពុជាបានរៀបចំព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា ពេលនេះ ដើម្បីទទួលបានព្រះអគ្គិជ័យកីឡាទៅរត់ដង្ហែភ្លើងគប់ និងប្រារព្ធពិធីបើកការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ខាងមុខនេះ ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT