Ancelotti ​៖​ខ្ញុំ​ចង់​ដឹក​នាំ Real Madrid ​ដល់​ចូល​និវត្តន៍ ប៉ុន្ដែ​វា​ក៏​ជា​ការ​សម្រេច​ចិត្ត​របស់​ក្លឹប​

​លោក Carlo Ancelotti ​មាន​បំណង​ចង់​ដឹក​នាំ​ក្រុម Real Madrid ​ដល់​ចូល​និវត្ដន៍​ពី​អាជីព​នេះ​តែ​ម្ដង ប៉ុន្ដែ​វា​ក៏​អាស្រ័យ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​ថ្នាក់​ដឹក​នាំ​ក្លឹប​ផង​ដែរ។

​នា​រដូវ​កាល​នេះ ឃើញ​ថា​ក្រុម Real Madrid ​ហាក់​ដូចជា​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ​ក្នុង​ការ​ប្រកួត​ក្នុង​លីគ​អេស្ប៉ាញ។ ​មុនប៉ះ​ក្រុម FC Barcelona ​នៅ​រាត្រី​នេះ ​ក្រុម​អធិរាជ​ស​កំពុង​ចាញ់​ពិន្ទុ​ដល់​ទៅ​៩​ពិន្ទុ​ទៅ​ហើយ ដូច្នេះ​ប្រសិន​បើ​មិន​អាច​ឈ្នះ​បាន​ទេ​ក្នុង​ការ​ប៉ះ​គ្នា​លើក​នេះ នោះ​អាច​និយាយ​បាន​ថា​ពាន La Liga ​ឆ្នាំ​នេះ​ទំនង​ជា​បាន​ទៅ​លើ​ក្រុម​អ្នក​មាន​បុណ្យ​ជាក់​ជា​មិន​ខាន។ តាម​គម្លាត​ពិន្ទុ​បច្ចុប្បន្ន ​និង​ទម្រង់​លេង Barcelona ​ទំនង​ជា​មិន​របូត​ពិន្ទុ​ងាយ​ៗ​នោះ​ទេ។

​មុន​ការ​ប្រកួត ​លោក Ancelotti ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា​៖ “វា​ជា​ការ​សម្រេច​ចិត្ត​របស់​ក្លឹប យោង​ទៅ​លើ​សមិទ្ធផល​ដែល​សម្រេច​បាន​នៅ​ចប់​រដូវ​កាល។ ​សម្រាប់​ខ្ញុំ ខ្ញុំ​ចង់​តែ​បន្ដ​ដឹក​នាំ​ក្លឹប​នេះ​រហូត​ទៅ។ ​ទោះ​ជា​បាន​ដឹក​នាំ​៣​ខែ ​ឬ​៣​ឆ្នាំ ​ក៏​ដូច​គ្នា ​អ្វី​ដែល​ច្បាស់​គឺ​ខ្ញុំ​ចង់​បន្ដ​និង​រីករាយ​ក្នុង​ការ​ដែល​បាន​ដឹក​នាំ Real Madrid ។ ​ខ្ញុំ​រំពឹង​ថា​នៅ​រដូវ​កាល​នេះ យើង​នឹង​បាន​ឈ្នះ​ពាន​ខ្លះ ដើម្បី​បញ្ចប់​ការ​វែកញែក”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT