Patrick Vieira ​ត្រូវ Crystal Palace ​បណ្ដេញ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ក្រុម​ហើយ​

​លោក Patrick Vieira ​ត្រូវ​បាន​ក្លឹប Crystal Palace ​បណ្ដេញ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ក្រុម​ហើយ ​បន្ទាប់​ពី​លោក​ដឹន​នាំ​ក្រុម​មិន​ទទួល​បាន​លទ្ធផល​ល្អ​ទាល់​តែ​សោះ។

​Crystal ​ទើប​តែងតាំង​លោក Vieira ​បាន​១៨​ខែ​ប៉ុណ្ណោះ។ ​ដោយ​លោក​ចូល​ដឹក​នាំក្រុម​ដំបូង​ឃើញ​ថា​ទទួល​បាន​លទ្ធផល​ល្អ តែ​ក្រោយ​មក​ទៀត​ក៏​កាន់​តែ​យ៉ាប់​ទៅ​ៗ​តែ​ម្ដង។ ​នៅ​ឆ្នាំ​ថ្មី ២០២៣​នេះ ​១២​ប្រកួត​ចុង​ក្រោយ​របស់ Crystal Palace ​មិន​បាន​ស្គាល់​ពាក្យ​ឈ្នះ​ម្ដង​នោះ​ទេ។ ​តាម​លទ្ធផល​នេះ​ដែរ ​ក្លឹប​មួយ​នេះ​ក៏​ស្ថិត​នៅ​លេខ​១២​ក្នុង​តារាង Premier League ​ប៉ុន្តែ​បើ​តាម​ពិន្ទុ​វិញ ​ពួកគេ​ផុត​តំបន់​កាត់​ចោល​ត្រឹម​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ ​ហើយ​លើស​គេ​១​ប្រកួត​ទៀត។ ​ដោយសារ​តែ​កត្ដា​ប្រឈម​ធ្លាក់​ទៅ​តំបន់​កាត់​ចោល​នេះ​ហើយ ទើប​បាន​ជា​ថ្នាក់​ដឹក​នាំ​ក្លឹប​សម្រេច​ចិត្ត​ដក​លោក​ចោល​តែ​ម្ដង។ ​

Paddy McCarthy ​ដែល​ជា​អតីត​ប្រធាន​ក្រុម Crystal Palace ​នឹង​ចូល​ខ្លួន​មក​ដឹក​នាំ​ក្រុម​បន្ដ​បណ្ដោះអាសន្ន​សិន​រហូត​ដល់​ចប់​រដូវ​កាល។ ប្រសិន​បើ​លទ្ធផល​ឃើញ​ថា​បាន​ល្អ ​នោះ​អាច​នឹង​មាន​ការ​ពិចារណា​ក្នុង​ការ​បន្ដ​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT