Ten Hag ​៖ Bruno ​ធ្វើ​បាន​ល្អ ដឹក​នាំ​ក្រុម​ប្រយុទ្ធ​តាំង​ពី​នាទី​ដំបូង​

​លោក​ Erik ten Hag ​បាន​និយាយ​សរសើរ​ទៅ​លើ​កីឡាករ Bruno ​ដែល​បាន​ដឹក​នាំ​ក្រុម​លេង​តាំង​ពី​ដើម​តង់ ​រហូត​ដល់​ចប់​ការ​ប្រកួត​តែ​ម្ដង ​ក្នុង​ជ័យជម្នះ ​៤-១ ​ក្នុង​ពាន Europa League ។

​Bruno ​រក​បាន​១​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ផង​ដែរ​ក្នុង​ជ័យជម្នះ​នៅ​យប់មិញ​នេះ​។ ​ប្រធាន​ក្រុម​រូប​នេះ ​បាន​ស្ដា​មុខ​មាត់​ឡើង​វិញ ​បន្ទាប់​ពី​ត្រូវ​បាន​អ្នក​គាំទ្រ​និង​អ្នក​វិភាគ​ជា​ច្រើន​រិះគន់ ចំពោះ​ទម្រង់​លេង​របស់​គេ​ដែល​ចាញ់​ក្រុម Liverpool ​ដល់​ទៅ ​៧-០ ​កាល​ពី​ប្រកួត​ក្នុង​លីគ Premier League។ មាន​អ្នក​វិភាគ​ជា​ច្រើន ​កាល​នោះ ដែល​ចង់​ឱ្យ​លោក Ten Hag ​ដក​គេ​ចេញ​ពី​ប្រធាន​ក្រុម ​តែ​អ្នក​ចាត់ការ​សញ្ជាតិ​ហុល្លង់​មាន​ទំនុក​ចិត្ត ​និង​អះអាង​ថា Bruno ​ជា​កីឡាករ​សំខាន់ និង​ទទួល​បាន​តំណែង​ប្រធាន​ក្រុម​ដដែល។

​ជាក់​ស្ដែង​ក្រោយ​ចប់​ការ​ប្រកួត​នៅ​យប់មិញ ​លោក Ten Hag ​បាន​និយាយ​ថា​៖ “Bruno ​ធ្វើ​បាន​ល្អ​នៅ​ថ្ងៃ​នេះ។ គាត់​ដឹក​នាំ​ក្រុម​លើ​ទីលាន​តាំង​ពី​នាទី​ដំបូង។ គាត់​បោះ​បាល់​ឱ្យ​មិត្ត​រួម​ក្រុម ​និង​រក​បាន​ខ្លួន​ឯង​ទៀត។ ​ដូច្នេះ​ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​ការ​ធ្វើ​បាន​ល្អ​របស់​គាត់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT