Ten Hag ​៖ Bruno ​នៅ​តែ​ជា​ប្រធាន​ក្រុម​យើង…នរណា​ក៏​ធ្លាប់​មាន​កំហុស​ដែរ​

​លោក​ Erik ten Hag ​បាន​និយាយ​ថា​ខ្សែ​បម្រើ​ Bruno Fernandes ​នៅ​តែ​បន្ដ​ជា​ប្រធាន​ក្រុម​របស់ Manchester United ​ដដែល​នៅ​ពេល Harry Maguire ​មិន​ចូល​លេង បើ​ទោះ​ជា​ប្រកួត​កន្លង​ទៅ ​គេ​លេង​មិន​បាន​ល្អ​ក៏​ដោយ។

​ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Real Betis ​នៅ​រាត្រី​នេះ​ហើយ ​ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ UEFA Europa League ​។ ​មុន​ការ​ប្រកួត​នេះ​ដែរ លោក Ten Hag ​ក៏​បាន​និយាយ​ពី​ករណី​របស់ Bruno ​ផង​ដែរ។ ​ក្រោយ​ប្រកួត​ចាញ់​ Liverpool ​៧-០ ​អ្នក​គាំទ្រ​ជា​ច្រើន​ស្ដី​បន្ទោស Bruno ​ទៅ​លើ​កាយវិការ​របស់​គេ ​មិន​ទម្រង់​លេង​មិន​ល្អ ​មិន​សម​ដើរ​តួ​ជា​ប្រធាន​ក្រុម​ក្នុង​ទីលាន។

​លោក Ten Hag ​បាន​តប​ទៅ​ការ​លើក​ឡើង​ទាំង​អស់​នោះ​ថា​៖ “គាត់​ជា​កីឡាករ​លេង​ល្អ​នា​​រដូវ​កាល​នេះ។ គាត់​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ក្រុម​គ្រប់​តំបន់។ ​គ្រប់​គ្នា​សុទ្ធ​តែ​ធ្លាប់​បង្កើត​កំហុស ​ហើយ​យើង​ត្រូវ​រៀន​ពី​វា។ ខ្ញុំ​ក៏​ត្រូវ​តែ​រៀន​ពី​កំហុស​ដូច​គ្នា ​ហើយ​ក៏​គាត់​ក៏​ដូច​យើង​ដែរ។ ​ខ្ញុំ​នៅ​តែ​ជឿ​ជាក់​លើ​គាត់ ​គាត់​នឹង​នៅ​តែ​ជា​ប្រធាន​ក្រុម​របស់​យើង ​នៅ​ពេល Maguire ​មិន​បាន​ចូល​លេង”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT