Carragher ៖ Mbappe ​គួរ​តែ​ចេញ​ពី PSG ​ទៅ Real Madrid ​កាន់​តែ​ឆាប់ ​កាន់​តែ​ល្អ​

​លោក Jamie Carragher ​បាន​ផ្ដល់​យោបល់​ឱ្យ​​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​គួរ​តែ​ចាកចេញ​ពី​ក្លឹប PSG ​ទៅ​លេង​នៅ​ក្លឹប Real Madrid ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​សម្រាប់​រូបគេ ប្រសិន​បើ​ចង់​ឈ្នះ​ពាន​ធំ​ៗ។

​ក្រុម PSG ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​ទៀត​ទៅ​ហើយ ​ក្រោយ​ពី​ពួកគេ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Bayern Munich ​ក្នុង​លទ្ធផល ​៣-០ បើ​គិត​ទាំង​ពីរ​ជើង​ទៅ។ ​បរាជ័យ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​អ្នក​វិភាគ​ជា​ច្រើន​មើល​ឃើញ​ថា PSG ​ចាយ​លុយ​ទិញ​កីឡាករ​ល្អ​ៗ​ចូល​ក្រុម​ជា​ច្រើន ​ប៉ុន្តែ​ពួកគេ​នៅ​តែ​មិន​អាច​សម្រេច​ក្ដី​ស្រមៃ​បាន​ដដែល។​ ​ក្នុង​ពាន UEFA Champions League ​ក្រុម​មួយ​នេះ ​មិន​អាច​លេង​បាន​ល្អ​ដូច​អ្វី​ដែល​អ្នក​គាំទ្រ​ចង់​បាន​នោះ​ទេ ​បើ​ទោះ​ជា​មាន Messi ​និង Mbappe ​នៅ​តំបន់​ប្រយុទ្ធ​ក៏​ដោយ។

​ក្នុង​នោះ​ដែរ ​លោក Jamie Carragher ​ដែល​ជា​អ្នក​វិភាគ​មួយ​រូប​បាន​ចេញ​មុខ​មក​និយាយ​ដែរ​ថា​៖ “ខ្ញុំ​ពិត​ជា​មិន​ចូល​ចិត្ត​ក្បួន​លេង​របស់ PSG ​នោះ​ទេ ​គ្រប់​យ៉ាង​តែ​ម្ដង។ ​នេះ​មិន​មែន​ជា​ក្រុម​ឡើយ វា​ពិត​ជា​រញ៉ែរញ៉ៃ។ ​៥​ឆ្នាំ ​ក្នុង​ចំណោម​៧​ឆ្នាំ​មក​នេះ ​ពួកគេ​បាន​ធ្លាក់​ចេញ​នៅ​ត្រឹម​១៦​ក្រុម​ចុង​ក្រោយ។ ពួកគេ​ចាយ​លុយ​ច្រើន​ជាង​នរណា​ទាំង​អស់ ​ពួកគេ​មាន​កីឡាករ​ល្អ​បំផុត​នៅ​លើ​លោក​នេះ​ទៀត។ ខ្ញុំ​បាន​ប្រាប់​ទៅ Mbappe ​តាំង​ពី​មុន​មក​ថា​គេ​គួរ​តែ​ចេញ​ពី PSG ​បើ​ចង់​ឈ្នះ​ពាន​នេះ ទៅ Real Madrid ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ។ ពួកគេ​មិន​មាន​សមត្ថភាព អាច​ទៅ​ក្បែរ​ក្នុង​ការ​ឈ្នះ Champions League ​បាន​ឡើយ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT