Conte ៖ ​ប្រហែល Spurs ​នឹង​បណ្ដេញ​ខ្ញុំ​ចេញ​មុន​ចប់​រដូវ​កាល​នេះ​

​លោក Antonio Conte ​បាន​អះអាង​ថា​ក្រោយ​ពី​ចាញ់ AC Milan ​នៅ UEFA Champions League ​នៅ​យប់មិញ​នេះ ទំនង​ជា​តំណែង​របស់​លោក​នឹង​ត្រូវ​របូត​មុន​ដាច់​រដូវ​កាល​នេះ​ហើយ។

​Spurs ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​នៅ​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ ​ដោយ​ចាញ់​ក្រុម AC Milan ​គិត​ទាំង​ពីរ​ជើង ​១-០។ ​បរាជ័យ​នេះ​ដែរ ​នឹង​ធ្វើ​ឱ្យ​ថ្នាក់​ដឹក​នាំ​ក្រុម​Spurs ​កាន់​តែ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​របស់​លោក Conte ​ថែម​ទៀត​ហើយ។ ​ដោយ​សូម្បី​តែ​សាមី​ខ្លួន ក៏​បាន​ដឹង​រឿង​នេះ​ច្បាស់​ផង​ដែរ។ ​លោក ​គិត​ថា​ក្លឹប​អាច​នឹង​បណ្ដេញ​លោក​ចេញ​ពី​​តំណែង​អាច​នឹង​មិន​ដល់​ចប់​រដូវ​កាល​នេះ​នោះ​ទេ។

​លោក Conte ​បាន​បង្ហើប​ថា​៖ “កុងត្រា​ខ្ញុំ​នឹង​ផុត​នៅ​ដាច់​រដូវ​កាល​នេះ។ យើង​នឹង​បាន​ឃើញ​ទាំង​អស់​គ្នា ​ពួកគេ​ប្រហែល​ជា​នឹង​បណ្ដេញ​ខ្ញុំ​ចេញ​មុន​ចប់​រដូវ​កាល​នេះ​ផង។ គ្មាន​នរណា​ដឹង​មុន​ឡើយ ​ប្រហែល​ជា​ពួកគេ​ពិបាក​ចិត្ត​ជាមួយ​នឹង​លទ្ធផល​នៅ​ប៉ុន្មាន​ប្រកួត​មក​នេះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT