Mbappe ៖ អនាគត​ខ្ញុំ ​មិន​ស្ថិត​នៅ​លើ​លទ្ធផល Champions League ​ទេ​

​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​បាន​អះអាង​ថា​អនាគត​របស់​គេ​នៅ PSG ​គឺ​មិន​អាស្រ័យ​ទៅ​លើ​លទ្ធផល​នៃ​ពាន​រង្វាន់ UEFA Champions League ​នោះ​ទេ។

​ក្រុម PSG ​នឹង​ត្រូវ​ប្រកួត​ទល់​ក្រុម Bayern Munich ​នៅ​រាត្រី​នេះ​ហើយ ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​ជើង​ទី​២។ ខណៈ​ដែល​ជើង​ទី​១​កន្លង​ទៅ ​នៅ​ទឹក​ដី​បារាំង ​ក្រុម​អ្នក​មាន​មួយ​នេះ​បាន​បរាជ័យ​ក្នុង​លទ្ធផល ១-០ ​ទៅ​ហើយ។ ដូច្នេះ​នៅ​រាត្រី​នេះ ​ពួកគេ​ទាមទារ​ឱ្យ​ឈ្នះ​ដាច់​ខាត ទើប​អាច​មាន​ឱកាស​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​បាន។ ទន្ទឹម​គ្នា​នេះ​ដែរ ​ក្រុម PSG ​ក៏​នឹង​បាត់​ខ្សែ​ប្រយុទ្ធ​សំខាន់​ម្នាក់​ផង​ដែរ ព្រោះ Neymar ​បាន​រង​របួស​ក​ជើង​ទៅ​ហើយ ​ត្រូវ​វះ​កាត់​និង​សម្រាក​រហូត​ដល់​ចប់​រដូវ​កាល​នេះ​ឯ​ណោះ។

​មុន​ការ​ប្រកួត​ក៏​សំខាន់​នេះ​កើត​ឡើង Mbappe ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា​៖ “ខ្ញុំ​មិន​គិត​ថា​លទ្ធផល​នៅ Champions League ​ប៉ះ​ពាល់​ដល់​អនាគត​របស់​ខ្ញុំ​នោះ​ទេ។ ប្រសិន​បើ​ខ្ញុំ​ពឹង​ផ្អែក​លើ​រឿង​នេះ ​ខ្ញុំ​ប្រហែល​ជា​ចេញ​ពី PSG ​យូរ​មក​ហើយ។ ខ្ញុំ​នៅ​ទី​នេះ ខ្ញុំ​សប្បាយ​ចិត្ត ​ហើយ​ខ្ញុំ​ក៏​មិន​គិត​អ្វី​ក្រៅ​ពី​ជួយ PSG ឱ្យ​ឈ្នះ​ការ​ប្រកួត ​និង​ជោគជ័យ​នោះ​ទេ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT