Potter ​៖ ​វា​នឹង​ក្លាយ​ជា​យប់​ពិសេស ​យើង​នឹង​ព្យាយាម​យក​ឈ្នះ Dortmund ​

​លោក Graham Potter ​បាន​ចាត់​ទុក​ការ​ប្រកួត​ជើង​ទី​២ UCL ​នៅ​រាត្រី​នេះ គឺ​ជា​រាត្រី​ពិសេស​សម្រាប់​ក្រុម​តោ​ខៀវ Chelsea ​ព្រោះ​លោក​ជឿ​ជាក់​ថា​ក្រុម​នឹង​អាច​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​បាន​។

​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម Chelsea ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Dortmund ​រួច​ទៅ​ហើយ​ក្នុង​លទ្ធផល ១-០ ​នៅ​ទឹក​ដី​អាល្លឺម៉ង់។ ​ដោយ​ឡែក​នៅ​ជើង​ទី​២​ដែល​ធ្វើ​ឡើង​នៅ​ទឹក​ដី​អង់គ្លេស​វិញ​នេះ ​លោក Potter ​សង្ឃឹម​ថា​ក្រុម​នឹង​ធ្វើ​ឡើង​បាន​ល្អ ​ជាមួយ​ជ័យជម្នះ​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ UEFA Champions League ​បាន។

​លោក​ Potter ​ដែល​ទើប​ដឹក​នាំ​ក្រុម Chelsea ​ឈ្នះ​ការ​ប្រកួត​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ​បាន​និយាយ​មុន​ការ​ប្រកួត​ទល់​ក្រុម Dortmund ​ថា​៖ “វា​ជា​ការ​ប្រកួត​ធំ ជា​ការ​ប្រកួត​ដ៏​រំភើប។ ​នេះ​ជា​ឱកាស​សម្រាប់​យើង​ដើម្បី​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ Champions League ។ វា​នឹង​ក្លាយ​ជា​រាត្រី​ពិសេស។ ​គំនិត​របស់​យើង​គឺ​វិជ្ជមាន​​និង​ព្យាយាម​យក​ឈ្នះ​ការ​ប្រកួត​ឱ្យ​បាន”។ ​ក្នុង​ការ​ប្រកួត​នៅ​រាត្រី​នេះ​ដែរ ​ក៏​អ្នក​គាំទ្រ​អាច​នឹង​ឃើញ​វត្តមាន​របស់ Kante ​វិញ​ផង​ដែរ ​ក្រោយ​ពី​រូបគេ​បាន​រង​របួស​សម្រាក​រយៈ​ពេល​៦​ខែ​មក​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT