ចាន់ វឌ្ឍនាកា ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង ​ក្រោយ​របួស​ច្រើន​ខែ​មក​នេះ​

​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​បាន​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម​បឹង​កេត​វិញ​ហើយ​ក្នុង​ពាន​រង្វាន់​ League Cup ​ក្រោយ​ពី​មាន​បញ្ហា​របួស​ជា​ច្រើន​ខែ​មក​នេះ។

​ក្រុម​បឹង​កេត ​បាន​យក​ឈ្នះ​ក្រុម​កងយោធពល​ខេមរភូមិន្ទ​ (ទ័ព) ​៤-៣ ​កាលពី​ម្សិលមិញ។ ​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​គេ​បាន​ឃើញ​វត្តមាន​របស់​កំពូល​ខ្សែ​ប្រយុទ្ធ វឌ្ឍនាកា ​ចូល​ទីលាន​វិញ​ហើយ ​ដោយ​ប្ដូរ​ចូល ​ហើយ​នេះ​ក៏​ជា​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ផង​ដែរ​នៅ​ប្រមាណ​ជាង​១​ឆ្នាំ​មក​នេះ ​ពោល​គឺ​ក្រោយ​ពី​គេ​មាន​បញ្ហា​របួស​ជង្គង់​ធ្ងន់ធ្ងរ។ មួយ​វិញ​ទៀត ​ជ័យជម្នះ​នៅ​ម្សិលមិញ​ក៏​ជា​ការ​ឈ្នះ​លើក​ដំបូង​របស់​បឹង​កេត​នា​ឆ្នាំ​២០២៣​នេះ ​ឬ​អាច​និយាយ​បាន​ថា​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី​លោក Clement Teo។

​វឌ្ឍនាកា ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ក៏​បាន​បង្ហាញ​ចំណាប់​ដែរ​ថា​៖ ​មិនមែនជាពេលវេលាល្អឥតខ្ចោះ​ ប៉ុន្តែ​ជា​ពេល​ចាប់ផ្ដើមនឹង​ជាពេលវេលា​ជួយ​ដាស់តឿន​ក្រុម​ អរគុណគ្រប់គ្នាសម្រាប់ថ្ងៃនេះ។ ​បឹង​កេត ​ឆ្លង​កាត់​៣​ប្រកួត​មក​នេះ​ក្នុង​ពូល A ​ពួកគេ​ទើប​មាន​៣​ពិន្ទុ​ប៉ុណ្ណោះ​។ ស្រប​ពេល​ក្រុម​កំពូល​តារាង​គឺ​វិសាខា ​លេង​៣​ប្រកួត ឈ្នះ​ទាំង​៣​ប្រកួត​ពេញ​តែ​ម្ដង។ ក្រុម​កងយោធពល​ខេមរភូមិន្ទ​ (ទ័ព) មាន​៩​ពិន្ទុ​ដែរ ​តែ​លេង​ដល់​ទៅ​៤​ប្រកួត​ទៅ​ហើយ៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT