ប្រធាន La Liga ​៖ Barcelona ​មិន​អាច​ទិញ​កីឡាករ​បាន​ទេ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​

​លោក Javier Tebas ​ប្រធាន La Liga ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ក្រុម FC Barcelona ​នឹង​មិន​អាច​ទិញ​ដូរ​កីឡាករ​បាន​ទេ ​នា​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ​។

​ក្រុម Barcelona ​ត្រូវ​តែ​លក់​កីឡាករ​របស់​ខ្លួន​បច្ចុប្បន្ន​ចេញ​ឱ្យ​បាន​ប្រាក់ ១៧៨​លាន​ផោន​សិន​ទើប​ពួកគេ​អាច​ចុះ​កុងត្រា​កីឡាករ​ថ្មី​ទៀត​បាន​។ ​ដោយ​ឡែក​ប្រសិន​បើ​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ​លក់​សមាជិក​បាន ១៧៨​លាន​ផោន​មែន ក៏​ក្លឹប​អ្នក​មាន​បុណ្យ​មួយ​នេះ​អាច​ចំណាយ​ប្រាក់​ទិញ​កីឡាករ​បាន​ត្រឹម​តែ​៧១​លាន​ផោន​ប៉ុណ្ណោះ។ ​នេះ​ជា​ច្បាប់​ការ​ចំណាយ​នៅ La Liga​។

​លោក Javier ​ដែល​ជា​ប្រធាន La Liga ​បាន​បញ្ជាក់​បន្ថែម​ថា​៖ “នៅ​បច្ចុប្បន្ន​នេះ ​ក្លឹប​មិន​អាច​មាន​ប្រាក់​ដើម្បី​ទិញ​កីឡាករ​ថ្មី​ណា​ទៀត​នោះ​ទេ ព្រោះ​ពួកគេ​ចំណាយ​លើសលប់​ទៅ​ហើយ។ ​Barcelona ​ត្រូវ​បាន​កោះ​ហៅ​មក​សួរ​នាំ​ជា​ច្រើន​ចំពោះ​ការ​ចំណាយ​របស់​ពួកគេ ដែល​ប៉ះ​ពាល់​ដល់ La Liga ​ផង​ដែរ។ ​យើង​មាន​ច្បាប់ ​ហើយ​ពួកគេ​នឹង​មិន​អាច​ចុះ​កុងត្រា​កីឡាករ​ណា​ទៀត​ទេ បើ​មិន​មាន​ការ​លក់​ចេញ”។

​រំលឹក​ថា​នៅ​ឆ្នាំ​មុន Barcelona ​មាន​បញ្ហា​ហិរញ្ញវត្ថុ​ខ្លាំង​មែនទែន ប៉ុន្តែ​លោក Laporta ​ដែល​ជា​ប្រធាន​ក្លឹប​នៅ​តែ​អាច​ស្វែង​រក​ដំណោះស្រាយ ​លក់​សិទ្ធិ​ផ្សាយ ​និង​អ្វី​ៗ​ផ្សេង​ទៀត​របស់​ក្លឹប ដើម្បី​រក​ប្រាក់​មក​ចំណាយ​ទិញ​កីឡាករ​ថ្មី​ដូចជា Robert Lewandowski, Raphinha ​និង​ Jules Kounde ​បាន​ដដែល។ ​យ៉ាងណាមិញ ​ក្លឹប​អ្នក​មាន​បុណ្យ​បច្ចុប្បន្ន​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​នៅ​ជំពាក់​បំណុល​ប្រមាណ​ជា​១​ពាន់​លាន​ផោន​ទៀត​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT