Ancelotti៖ Barcelona ​មិន​សម​ឈ្នះ​ការ​ប្រកួត​យប់មិញ​នេះ​ទេ​

​លោក Carlo Ancelotti ​បាន​អះអាង​ថា​ក្រុម FC Barcelona ​មិន​សម​ក្នុង​ការ​ទទួល​បាន​ជ័យជម្នះ ១-០ ​នៅ​ជើង​ទី​១​នៃ​ពាន​រង្វាន់ Copa del Rey ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះ​ទេ។

​នៅ​យប់មិញ​នេះ ​ឃើញ​ថា​ក្រុម​ Real Madrid ​បាន​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​មួយ​គ្រាប់​ដោយ​ខ្សែ​ការពារ Militao ហើយ​វា​ក៏​ជា​គ្រាប់​បាល់​ជួយ​ឱ្យ​ក្រុម Barcelona ​យក​ឈ្នះ​បាន​ក្នុង​លទ្ធផល ១-០ ផង​ដែរ។ ​ខណៈ​ដែល​ការ​ប្រកួត​វិញ ​ឃើញ​ថា​ក្រុម Real Madrid ​បាន​ដាក់​សម្ពាធ​ដែរ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​នោះ​ទេ។ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ដោយ​បរាជ័យ​នៅ​ជើង​ទី​១​នេះ ​លោក Ancelotti ​មិន​ពេញ​ចិត្ត​ជាមួយ​លទ្ធផល​ឡើយ។

​អ្នក​ចាត់ការ​ក្រុម​សញ្ជាតិ​អ៊ីតាលី ​បាន​អះអាង​ថា​៖ “ច្បាស់​ណាស់ Barca ​មិន​សម​ទទួល​បាន​ជ័យជម្នះ​នោះ​ទេ​ប្រកួត​នេះ។ ខ្ញុំ​គិត​ថា​នេះ​ជា​ការ​ប្រកួត​មួយ​ដែល​ខ្សែ​ការពារ Real Madrid ​ធ្វើ​បាន​ល្អ​បំផុត​នា​រដូវ​កាល​នេះ​។ ​យើង​គ្រប់គ្រង​ការ​ប្រកួត​ជាង​៦០​% ប៉ុន្តែ​មិន​ស៊ុត​ចំ​គោលដៅ​នោះ​ទេ”។ ​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Real Madrid ​ស៊ុត​១៣​ជើង ប៉ុន្តែ​មិន​ចំ​គោលដៅ​សួម្បី​១​ជើង ស្រប​ពេល​ក្រុម Barcelona ​វិញ ​ស៊ុត​ចំ​គោលដៅ​២​ជើង ​និង​មាន​គ្រាប់​បាល់​១​គ្រាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT