កម្ពុជា ​មិន​កំណត់​តម្លៃ​លក់​សិទ្ធិ​ផ្សព្វផ្សា​ទូរទស្សន៍ ​ដូច​សារព័ត៌មានថៃ ​ចុះ​នោះ​ទេ

​ឯកឧត្តម​ វ៉ាត់ ចំរើន ​អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម ​ឆ្នាំ​២០២៣​ (CAMSOC-CAMAPGOC) ​បាន​ស្រាយ​បំភ្លឺ ​ចំពោះ​សារព័ត៌មាន​ថៃ ដែល​បាន​ផ្សាយ​ថា ​កម្ពុជា​បាន​កំណត់​តម្លៃ ​លើ​ការ​លក់​សិទ្ធិ​ផ្សព្វផ្សាយ​ទូរទស្សន៍ (ផ្សាយផ្ទាល់) ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ីហ្គេម ​និង​អាស៊ាន​ប៉ារ៉ាហ្គេម​ ឆ្នាំ២០២៣។

ឯកឧត្តម​ វ៉ាត់ ចំរើន ​បាន​ថ្លែង​នៅថ្ងៃទី១ ​ខែមីនា ​នេះ​ថា​ ៖«ថ្មីៗ​នេះ​មាន​សារព័ត៌​ចេញ​ពីប្រទេសថៃ បាន​ផ្សាយ​អំពីការលក់សិទ្ធិផ្សព្វផ្សាយ​ទូរទស្សន៍ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និង​អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ក្រោម​ការ​រៀបចំ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការប្រកួត​កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។ សារព័ត៌មានថៃ បាន​ផ្សព្វ​ផ្សាយថា​ កម្ពុជា​បានកំណត់តម្លៃលើការទិញសិទ្ធិផ្សព្វផ្សាយទូរទស្សន៍ពីព្រឹត្តិការណ៍កីឡាដ៏ធំ​ ឆ្នាំ​២០២៣នេះ។ ​ខ្ញុំសូមបញ្ជាក់ថា CAMSOC ​មិន​ដែល​បាន​កំណត់​តម្លៃ​ជា​ថវិកា​នូវ​ចំនួន​ប៉ុណ្ណេះ ឬ​ប៉ុណ្ណោះ​នោះទេ ដោយយើងបានចរចារគ្នា ជាមួយគណៈកម្មាធិការជាតិអូឡាំពិក នៃ​ប្រទេស​អាស៊ី​អាគ្នេយ៍ ​ជាសមាជិកស៊ីហ្គេម ​ដោយគណៈកម្មាធិការជាតិទាំងនោះ​ នឹងធ្វើកិច្ចការផ្សាព្វផ្សាយនេះ ជាមួយ​ស្ថានីយ​ទូរទស្ស​ន៍របស់គេរៀងៗខ្លួន​ ហើយបានគេយកតម្លៃនោះ ​មកចរចារជាមួយយើង។ កម្ពុជា ​មិនមែន​ជា​អ្នក​កំណត់តម្លៃនោះទេ។ ​ដូច្នេះសូមមតិសាធារណជនកុំយល់ច្រឡំ លើ​បញ្ហា​នេះ​ថា ​កម្ពុជាជាអ្នកកំណត់តម្លៃលើការទិញ-លក់សិទ្ធិទូរទស្សន៍»។

ឯកឧត្តម​ វ៉ាត់ ចំរើន ​បាន​គូ​ស​បញ្ជាក់​ចុង​ក្រោយ​ថា​៖ «ខ្ញុំសូមបញ្ជាក់ជូនជាថ្មីម្តងទៀតថា កម្ពុជា​មិន​បាន​កំណត់​តម្លៃលក់សិទ្ធិទូរទស្សន៍​ ដើម្បីឱ្យគេទិញនោះទេ ពោល​គឺ​វា​ស្ថិត​នៅ​លើ​ការចរចារគ្នា​ទៅ​តាម​ទីផ្សារ។ យើងឃើញថា ប្រទេសណាមួយដែលមានទីផ្សារធំ គឺចរចារក្នុងតម្លៃខ្ពស់ រីឯ​ប្រទេស​ណា ​ដែលមានទីផ្សារតូច គឺនឹងចរចាពីតម្លៃតូច។ បើយើងកំណត់តម្លៃ គឺខុស ដោយ​វាស្ថិត​នៅ​លើ​ការ​ចរចាគ្នា​ ដោយមិនមែនជាការកំណត់តម្លៃនោះទេ។ ដូច្នេះសូមបណ្តាញសារព័ត៌មានជាតិ និង​អន្តរ​ជាតិ​គួរ​យល់​លើ​បញ្ហា​នេះ​ឱ្យ​បាន​ច្បាស់​លាស់»៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT