Ronaldo ​ឈ្នះ​ពាន​រង្វាន់​កិត្ដិយស​មួយ​ទៅ​ហើយ​នៅ​ខែ​ដំបូង​ឱ្យ Al Nassr ​

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​បំផុត​ក្នុង​លីគ​អារ៉ាប់ប៊ីសាអូឌីត​សម្រាប់​ខែ​កុម្ភៈ​ឆ្នាំ​២០២៣​នេះ ​ក្រោយ​ពី​រក​បាន​គ្រាប់​បាល់​ដល់​ទៅ​៨​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​២​គ្រាប់។

​Ronaldo ​វ័យ​៣៨​ឆ្នាំ​ទើប​តែ​ចូល​រួម​ជាមួយ​ក្រុម Al Nassr ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ទេ ​ជាមួយ​តម្លៃ​ខ្លួន​ខ្ពស់​កប់​ពពក​ដល់​ទៅ​ជាង​២០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ឯ​ណោះ។ ​នៅ​ប៉ុន្មាន​ប្រកួត​បើក​ឆាក​ដំបូង​ខ្សែ​ប្រយុទ្ធ Ronaldo ​ហាក់​នៅ​មិន​ទាន់​យល់​ចិត្ត​ជាមួយ​មិត្ត​រួម​ក្រុម​នោះ​ទេ ដោយ​ពិបាក​ក្នុង​ការ​រក​គ្រាប់​បាល់។ ប៉ុន្តែ​នៅ​៣​ប្រកួត​ចុង​ក្រោយ​នេះ រូបគេ​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​រក​បាន​ដល់​ទៅ​៧​គ្រាប់​ឯ​ណោះ ពោល​គឺ​៣​ប្រកួត​ធ្វើ​បាន Hat-trick ​រហូត​ដល់​ទៅ​២​ដង។

​ការ​ធ្វើ​បាន​ល្អ​នេះ​ហើយ ទើប​បាន​ជា​ធ្វើ​ឱ្យ​អតីត​កីឡាករ Manchester United ​រូប​នេះ​មាន​ឱកាស​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​កុម្ភៈ​នេះ​តែ​ម្ដង។ ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង បច្ចុប្បន្ន​រូបគេ​ក៏​កំពុង​ជួយ Al Nassr ​ឱ្យ​ប្រជែង​ពាន​រង្វាន់​លីគ​កំពូល Saudi Arabian league ​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT