ទឹកប្រាក់ ៦,០០០ដុល្លារក្នុងម្នាក់ៗ នឹងត្រៀមចាំក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018

នាថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នេះ​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន អំពីការផ្តល់ទឹកប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់មន្រ្តី និងកីឡាករជម្រើសជាតិ ដែលមានចំនួនសរុប ៦,០០០ដុល្លារ ក្នុងម្នាក់ៗដែលត្រូវទទួលបាន ប្រសិនបើកម្ពុជា ឈ្នះការប្រកួតទាំងអស់ក្នុងពូល ព្រមទាំងឡើងទៅវគ្គបន្ត។

សហព័ន្ធបានប្រកាសថា នឹងផ្តល់ជូនប្រាក់ឧបត្ថម្ភដល់មន្រ្តី/កីឡាករនៃក្រុមជម្រើសជាតិចំនួន ១,០០០ដុល្លារក្នុងម្នាក់ៗសម្រាប់ការប្រកួតឈ្នះលើគូប្រកួត១ប្រកួតនៃការប្រកួតនិមួយៗនៃវគ្គជម្រុះពូល ហើយប្រសិនបើក្រុមជាប់ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (Semi-Final) នឹងផ្តល់ថវិកាបន្ថែមទៀតក្នុងម្នាក់ៗ ចំនួន ២,០០០ដុល្លារ ។

គួរឱ្យដឹងថា កម្ពុជា នឹងត្រូវប្រកួត ៤ប្រកួត ក្នុងពូល A ទល់នឹងម៉ាឡេស៊ី មីយ៉ាន់ម៉ា​ វៀតណាម និង ឡាវ ដែលចាប់ផ្តើមការប្រកួតពីថ្ងៃទី ៨ ខែ វិច្ឆិកានេះតទៅ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT