Messi ​៖ ​ឆ្នាំ​នេះ ​ជា​ឆ្នាំ​​ល្អ​បំផុត​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្ញុំ

ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​ឈ្នះ​ពាន​រង្វាន់ FIFA Best Player of The Year ​ហើយ​កាល​ពី​យប់មិញ​នេះ ​ក្រោយ​ពី​ទទួល​បាន​សំឡេង​គាំទ្រ​បោះ​ឆ្នោត​ឱ្យ​ច្រើន​ជាង Kylian Mbappe ​ទៅ​ទៀត។

​ក្នុង​ឱកាស​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​របស់ FIFA ​នោះ​ដែរ ​ខ្សែ​ប្រយុទ្ធ​​វ័យ​៣៥​ឆ្នាំ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “នេះ​ជា​ឆ្នាំ​ឆ្គួត​បំផុត​សម្រាប់​ខ្ញុំ។ ​ខ្ញុំ​បាន​សម្រេច​ក្ដី​ស្រមៃ​ដ៏​ធំ​របស់​ខ្ញុំ ​បន្ទាប់​ពី​ប្រកួត​ជា​ច្រើន ​ស្វែង​រក​ជា​ច្រើន​ឆ្នាំ ​និង​ការ​តាំង​ចិត្ត​ជា​យូរ​ឆ្នាំ​មក​ហើយ។ វា​ជា​រឿង​ស្រស់​ស្អាត​បំផុត​ដែល​បាន​កើត​មាន​ឡើង​សម្រាប់​ខ្ញុំ​ក្នុង​អាជីព​បាល់ទាត់​នេះ។ ​ខ្ញុំ​ពិត​ជា​អរគុណ​ដល់​មិត្ត​រួម​ក្រុម​ទាំង​អស់​ដែល​បាន​សម្រេច​វា​ឡើង។ បើ​គ្មាន​ពួកគេ ​ខ្ញុំ​ក៏​មិន​អាច​មក​ឈរ​នៅ​ទី​នេះ​ដែរ​”។

​Messi ​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ដែល​បាន​លើក​ពាន FIFA World Cup 2022 ​កន្លង​ទៅ។ ​ក្នុង​ឆ្នាំ​មុន​នេះ ​រូបគេ​រក​បាន​២៧​គ្រាប់​ក្នុង​ការ​​បង្ហាញ​ខ្លួន​សរុប​៤៩​ប្រកួត​ទាំង​នៅ​ជម្រើស​ជាតិ​និង​ក្លឹប​អាជីព​។ អតីត​កីឡាករ Barcelona ​រូប​នេះ ​ក៏​ជាប់​កំណត់ត្រា​អស្ចារ្យ​មួយ​នៅ World Cup ​ផង​ដែរ ​ដោយ​ក្លាយ​ជា​កីឡាករ​ដំបូង​រក​បាន​គ្រប់​ការ​ប្រកួត​នៅវគ្គ​ចាញ់​ធ្លាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT