Potter ​៖​ខ្ញុំ​ទទួល​ស្គាល់…លទ្ធផល​នេះ​មិន​មែន​ជា​អ្វី Chelsea ​ចង់​បាន​ទេ​

​លោក Graham Potter ​បាន​ទទួល​ស្គាល់​ថា​លទ្ធផល​បរាជ័យ​ផ្ទួន​ៗ​គ្នា​បែប​នេះ គឺ​មិន​មែន​ជា​អ្វី​ដែល​ថ្នាក់​ដឹក​នាំ​ក្លឹប​តោ​ខៀវ Chelsea ​ចង់​បាន​នោះ​ទេ។

​ក្រុម Chelsea ​បន្ដ​បរាជ័យ​៣​ប្រកួត​ជាប់​គ្នា​ហើយ ​ក្រោយ​ពី​យប់មិញ​ចាញ់​ក្រុម Spurs ​ក្នុង​លទ្ធផល ​២-០ ​ទៀត​ក្នុង​ពាន​រង្វាន់ English Premier League។ ​ដោយ​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​ក្លឹប​ដែល​ចំណាយ​ប្រាក់​ច្រើន​បំផុត​កាល​ពី​ទីផ្សារ​ដោះដូរ​កីឡាករ​កន្លង​ទៅ លេង​១៥​ប្រកួត​ចុង​ក្រោយ​នេះ​ឈ្នះ​បាន​ត្រឹម​តែ​២​ប្រកួត​ប៉ុណ្ណោះ ​ហើយ​បច្ចុប្បន្ន​ក៏​ធ្លាក់​ដល់​ពាក់​កណ្ដាល​តារាង Premier League ​ផង​ដែរ។

​អ្នក​ចាត់ការ Potter ​របស់​ក្រុម Chelsea ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​នៅ​យប់មិញ​ថា​៖ “វា​តែងតែ​មាន​សំនួរ​ជា​និច្ច​នៅ​ពេល​ក្រុម​ធ្វើ​មិន​បាន​ល្អ។ ខ្ញុំ​ទទួល​ស្គាល់ ​នេះ​មិន​មែន​ជា​អ្វី​ដែល​យើង​ចង់​បាន​នោះ​ទេ ​ហើយ​ថ្នាក់​ដឹក​នាំ​ក៏​មើល​ឃើញ​ដូច​គ្នា។ យើង​កំពុង​តែ​និយាយ​ពី​ការ​កសាង​ក្រុម​ឡើង​វិញ ​យើង​អាច​មើល​ទៅ Arsenal ដែល​ដឹក​នាំ​ដោយ Mikel Arteta ​។ គាត់​ស្ទើរ​តែ​ត្រូវ​បណ្ដេញ​ចេញ​ទៅ​ហើយ ប៉ុន្តែ​ពេល​វេលា​បាន​បង្ហាញ​ថា​គាត់​ពិត​ជា​អាច​ធ្វើ​បាន។ ​យើង​ត្រូវ​ការ​ពេល​វេលា ​នេះ​ជា​រឿង​ធម្មតា​នៃ​បាល់ទាត់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT