Ramos ​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​ហើយ ​ក្រោយ​បាន​និយាយ​​ទូរសព្ទ​ជាមួយ​គ្រូ​បង្វឹក​ថ្មី​អេស្ប៉ាញ​

​ខ្សែ​ការពារ Sergio Ramos ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ហើយ ​ក្រោយ​ពី​បាន​និយាយ​ទូរសព្ទ​ជាមួយ​គ្រូ​បង្វឹក​ថ្មី ​និង​ដឹង​ខ្លួន​ថា​មិន​ស្ថិត​ក្នុង​គម្រោង​ប្រើប្រាស់​ទៀត​នោះ​ទេ។

​Ramos ​បាន​ប្រកាស​ដំណឹង​ខាង​លើ​នេះ​ថា​៖ “ពេល​វេលា​បាន​មក​ដល់​ហើយ។ នេះ​ជា​ពេល​ត្រូវ​លា​អ្នក​គាំទ្រ​ជម្រើស​ជាតិ​ទាំង​អស់​គ្នា។ ​ផ្លូវ​បាន​ដល់​ទី​បញ្ចប់ ​ហើយ​ខ្ញុំ​សង្ឃឹម​ថា​គ្រប់​គ្នា​និង​យល់ ហើយ​ចង់​ចាំ​អ្វី​ដែល​យើង​បាន​ធ្វើ​ជោគជ័យ​ជាមួយ​គ្នា​នៅ​ជម្រើស​ជាតិ​អេស្ប៉ាញ។ ខ្ញុំ​បាន​ទូរសព្ទ​ជាមួយ​គ្រូ​បង្វឹក​បច្ចុប្បន្ន ​ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​មិន​ស្ថិត​ក្នុង​គម្រោង​ប្រើប្រាស់​ទៀត​នោះ​ទេ ​បើ​ទោះ​ជា​ទម្រង់​លេង​ខ្ញុំ​ល្អ ឬ​បន្ដ​លេង​ប៉ុន្មាន​ឆ្នាំ​ទៀត​ក៏​ដោយ”។

​កីឡាករ​វ័យ​៣៦​ឆ្នាំ​បាន​បង្ហាញ​ខ្លួន​ឱ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​តាំង​ពី​ឆ្នាំ​២០០៥​មក ​ក្នុង​វ័យ​១៨​ឆ្នាំ។ ​បច្ចុប្បន្ន​នេះ​រូបគេ​លេង​ឱ្យ​សរុប​១៨០​ប្រកួត ​និង​ជាប់​ឈ្មោះ​ជា​កីឡាករ​បង្ហាញ​ខ្លួន​ឱ្យ​អេស្ប៉ាញ​ច្រើន​បំផុត​ក្នុង​ប្រវត្តិ ជាមួយ​ការ​ឈ្នះ​ពាន World Cup ​ម្ដង​នៅ​ឆ្នាំ​២០១០ ​និង Euro ​២​ដង​នៅ​ឆ្នាំ​២០០៨ និង​២០១២៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT