ជម្រើស​ជាតិ​កម្ពុជា ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត ​ក្នុង​ការ​ត្រៀម​ប្រជែង​មេដាយ​នៅ​ស៊ីហ្គេម​

ក្រសួងអប់រំ ​យុវជន ​និងកីឡា ​បាន​រៀប​ចំពិធី​សំណេះ​សំណាល និង​សួរ​សុខ​ទុក្ខ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​នៅពហុកីឡដ្ឋានជាតិមរតកតេជោ ​កាលពីល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែល​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ និងលើកទឹកចិត្តដល់ក្រុមជម្រើសជាតិ ​ដើម្បីត្រៀមប្រជែងមេដាយ ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ​នាខែឧសភា ​និងខែមិថុនា ឆ្នាំ២០២៣​ នៅកម្ពុជា។

ឯកឧត្តម​ អ៊ុក សិទ្ធិជាតិ​ អគ្គនាយកកីឡាតំណាងដ៏ខ្ពង់​ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ បាន​បង្ហាញ​ការវាយ​តម្លៃខ្ពស់​ចំពោះ​កិច្ច​សហការ​របស់​ក្រសួង​អប់រំ​ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ដែល​កំពុង​យក​ចិត្ត​ទុក​ដាក់​ដល់​ការបោះជំរំហ្វឹកហាត់របស់ក្រុម​ជម្រើសជាតិកម្ពុជាទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បី​ត្រៀម​ឆ្ពោះ​ទៅប្រកួតប្រជែងមេដាយ ​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមអគ្គនាយក​ បានកោត​សរសើរ​ចំពោះ​ការ​លះ​បង់​ពុះពារ​ការ​លំបាក​ យកអស់ស្មារតីខិតខំហ្វឹកហាត់ ក្នុងការបង្កើនគុណផលរបស់កីឡាករ កីឡាការិនី គ្រូ​បង្វឹក​ អនុរក្ស ​ដើម្បីត្រៀមប្រកួតដណ្តើមមេដាយជូនជាតិ ក្នុង​ព្រឹត្តិ​ការណ៍​កីឡាជា​ប្រវត្តិ​សាស្ត្រ​ដំបូង​របស់​កម្ពុជា ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ ​ជាមួយ​គ្នា​នេះ ​ឯកឧត្តម អ៊ុក សិទ្ធិជាតិ ក៏​ថ្លែង​អំណរ​គុណ ​ចំពោះថ្នាក់ដឹកនាំ ​គណៈកម្មាធិការជាតិ CAMSOC ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ជា​ប្រធាន ​និងឯកឧត្តមបណ្ឌិត ថោង ខុន ជាអនុប្រធានអចិន្ត្រៃយ៍ ដែលតែងតែឧបត្ថម្ភគាំទ្រ និង​ផ្តល់ការលើកទឹកចិត្តគ្រប់បែបយ៉ា ងដល់ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​ភាព​ជោគជ័យ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោយ​កម្ពុជារង់​ចាំ​៦៤ឆ្នាំ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT