Pep ​និយាយ​លេង​សើច​ថា ​ប្រហែល​ជើង​ទី​២​ត្រូវ​ដាក់​ប្រយុទ្ធ​៩​នាក់​ហើយ​ទើប​ឈ្នះ​

​លោក​ Pep Guardiola ​បាន​និយាយ​បែប​លេង​សើច​ថា​ការ​ប្រកួត​នៅ​ជើង​ទី​២​ទល់​ក្រុម​ RB Leipzig ​ទំនង​ជា​ត្រូវ​ដាក់​ខ្សែ​ប្រយុទ្ធ​៩​នាក់​ហើយ ទើប​អាច​ឈ្នះ​ការ​ប្រកួត​បាន​។

​នៅ​យប់មិញ​នេះ ​ក្រុម Manchester City ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Leipzig ​ក្នុង​លទ្ធផល ​១-១ ​ប៉ុណ្ណោះ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​១ ​បើ​ទោះ​ជា​ពួកគេ​គ្រប់​គ្រង​ការ​ប្រកួត​បាន​ច្រើន​ជាង​ក៏​ដោយ។ ​នេះ​មិន​ខុស​ពី​ការ​ប្រកួត​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នៅ Premier League ​នោះ​ទេ ​ដែល​ក្រុម​របស់​លោក Pep ​នេះ​បាន​ត្រឹម​ស្មើ Forest ​ក្នុង​លទ្ធផល ១-១ ​ដែរ ទោះ​ជា​គ្រប់គ្រង​ការ​ប្រកួត​បាន​ពេញ​៩០​នាទី​ក្ដី។

​ចំពោះ​លទ្ធផល​បែប​នេះ​ដែរ ​លោក Pep ​បាន​និយាយ​ថា​៖ “ប្រហែល​នៅ​ជើង​ទី​២ ខ្ញុំ​ប្រហែល​ជា​លេង​ឆ្គួត​បន្ដិច ​ដាក់​ប្រយុទ្ធ​៩​នាក់​ហើយ។ អ្នក​គាំទ្រ​រំពឹង​យើង​មក​ទី​នេះ និង​អាច​ឈ្នះ ០-៥? វា​មិន​មែន​ជា​រឿង​ពិត​នោះ​ទេ។ ​ខ្ញុំ​សុំទោស ​យើង​មិន​អាច​ធ្វើ​វា​បាន​ឡើយ។ ការ​ប្រកួត​នេះ ក្រុម​ទាំង​អស់​សុទ្ធ​តែ​ខ្លាំង។ ​នៅ​វគ្គ​ចែក​ពូល ​ក្រុម​ល្អ​ៗ​ជា​ច្រើន​បាន​ធ្លាក់​ចេញ​ទៅ​ហើយ។ វា​ជា​ការ​ប្រកួត​ពិបាក​មួយ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT