Napoli ​បន្ដ​ទម្រង់​លេង​ល្អ​ឥត​ខ្ចោះ​របស់​ខ្លួន ​ក្រោយ​ឈ្នះ Frankfurt ​២-០ ទៀត​

​ជើង​ខ្លាំង​មក​ពី​អ៊ីតាលី Napoli ​បន្ដ​ជ័យជម្នះ​និង​បង្ហាញ​សាច់​ដុំ​របស់​ខ្លួន​ក្នុង​ពាន​រង្វាន់ UEFA Champions League ​ទៀត​ហើយ​នៅ​យប់មិញ ​ដោយ​យក​ឈ្នះ​លើ​ក្រុម Frankfurt ​ក្នុង​លទ្ធផល ​២-០ ​​ក្នុង​ជើង​ទី​១វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

​Napoli ​ជា​ក្រុម​ឈ្នះ​ជាប់​គ្នា​រហូត​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ។ ​ក្នុង​លីគ​កំពូល​អ៊ីតាលី Serie A ​ក្រុម Napoli ​កំពុង​ឈរ​នៅ​ដាច់​ពិន្ទុ​គេ​តែ​ម្ដង​នៅ​កំពូល​តារាង ​ខណៈ​ដែល​ពាន​រង្វាន់ UEFA Champions League ​នៅ​យប់មិញ​នេះ​វិញ ​ក៏​ឃើញ​ថា​ធ្វើ​បាន​ល្អ​បិទ​គូ​ប្រកួត​មិន​ឱ្យ​ស៊ុត​ចូល​ទៀត។ ​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម​អាល្លឺម៉ង់ ​Frankfurt ​២-០ ​ដោយ​រក​បាន​ពី​សំណាក់​កីឡាករ Victor Osimhen ​និង​ Giovanni Di Lorenzo ។

​បន្ថែម​១​គ្រាប់​ទៀត ​ខ្សែ​ប្រយុទ្ធ Victor Osimhen ​​រក​បាន​ដល់​ទៅ​២០​គ្រាប់​ហើយ​នា​រដូវ​កាល​នេះ​គ្រប់​ការ​ប្រកួត​ទាំង​អស់​ឱ្យ​ក្រុម Napoli ​។ ​ជាមួយ​ការ​មាន​គ្រាប់​បាល់​ចំណេញ​ដល់​ទៅ​២​គ្រាប់​នេះ ​ក៏​ជា​ទំនុក​ចិត្ត​ខ្ពស់​សម្រាប់​ក្រុម​នេះ​ក្នុង​ការ​លេង​នៅ​ជើង​ទី​២​ខែ​ក្រោយ ​ដើម្បី​ធានា​បាន​កៅអី​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT