Benzema ​៖​យើង​ចង់​បាន​ពាន Champions League ​ម្ដង​ទៀត​

​ខ្សែ​ប្រយុទ្ធ​ Karim Benzema ​បាន​អះអាង​ថា​ក្រុម​ Real Madrid ​ចង់​បាន​ពាន​រង្វាន់ UEFA Champions League ​ម្ដង​ទៀត​នៅ​ឆ្នាំ​នេះ ​ក្នុង​នាម​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក។

​ជំនួប​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​១​ទល់​ក្រុម Liverpool ​នៅ​យប់មិញ ​ក្រុម Real Madrid ​ត្រូវ​បាន​ក្រុម​ម្ចាស់​ផ្ទះ​នាំ​មុខ​២​គ្រាប់​មុន​ទៅ​ហើយ ប៉ុន្តែ​ក្រុម​មួយ​នេះ​មិន​បាន​បោះបង់​នោះ​ទេ។ ​ពួកគេ​ព្យាយាម​សម្រុក​រហូត​ដល់​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​ត្រឹម​តង់​ទី​១។ ​ខណៈ​ដែល​ឈាន​ដល់​តង់​ទី​២ ​ក្រុម​របស់​លោក Carlo Ancelotti ​ក៏​បន្ដ​ដាក់​សម្ពាធ​រហូត​រក​បាន​គ្រាប់​បាល់​ដល់​ទៅ​៣​គ្រាប់​បន្ថែម​ទៀត ​ដើម្បី​ឈ្នះ​ការ​ប្រកួត​ក្នុង​លទ្ធផល ​៥-២ ​តែ​ម្ដង។

​ក្រោយ​ចប់​ការ​ប្រកួត​នេះ Benzema ​ដែល​ជា​អ្នក​រក​បាន​២​គ្រាប់​ដែរ​នៅ​យប់មិញ ​បាន​និយាយ​ថា​៖ “យើង​លេង​ដោយ​ទំនុក​ចិត្ត ​យើង​អាច​បង្កើត​ឱកាស​រក​គ្រាប់​បាល់ យើង​ចង់​បាន​ពាន​រង្វាន់ Champions League ​ម្ដង​ទៀត។ ​យើង​បាន​លេង​ទៅ​តាម​អ្វី​ដែល​យើង​ចង់​បាន ​ហើយ​ការ​ប្រកួត​នេះ​ក៏​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ក្នុង​ការ​ទស្សនា​ផង​ដែរ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT