Alessandro ៖ Napoli ​ពេល​នេះ ​ខ្លាំង​ជាង Man City ​ទៅ​ទៀត​

​លោក Alessandro Costacurta ​វីរបុរស​បាល់ទាត់​របស់​ក្លឹប AC Milan ​បាន​អះអាង​ថា​នា​ពេល​បច្ចុប្បន្ន​នេះ ​ក្រុម Napoli ​មាន​សមត្ថភាព​ខ្លាំង​ជាង​ក្រុម Manchester City ​ទៅ​ទៀត។

​ Alessandro ​ជា​អតីត​ខ្សែ​ការពារ​ឆ្នើម​ម្នាក់​របស់​ក្រុម AC Milan ​ដែល​ធ្លាប់​ជួយ​ក្លឹប​នេះ​ឈ្នះ​ពាន UEFA Champions League ​រហូត​ដល់​ទៅ​៥​ដង​ឯ​ណោះ។ ​បុរស​វ័យ​៥៦​ឆ្នាំ ​បាន​អះអាង​ថា​លោក​មើល​ឃើញ​សមត្ថភាព​ក្រុម​នា​រដូវ​កាល​នេះ គឺ​អ៊ីតាលី​ក៏​ឡើង​ជើង​ខ្លាំង​ណាស់​ដែរ។ ជាក់​ស្ដែង Napoli ​ដែល​កំពុង​ឈរ​នៅ​កំពូល​តារាង Serie A ​នោះ ​លេច​ធ្លោ​ជាង​គេ​ហើយ ទាំង​សមត្ថភាព​កីឡាករ​ម្នាក់​ៗ ​និង​ការ​លេង​សហការ​គ្នា។

​អតីត​ខ្សែ​ការពារ​ដែល​ចំណាយ​ពេល​ជិត​២០​ឆ្នាំ​នៅ​ក្លឹប AC Milan ​ចន្លោះ​ឆ្នាំ​១៩៨៦​ដល់​២០០៧ ​បាន​និយាយ​បែប​នេះ​ថា​៖ “បច្ចុប្បន្ន​នេះ Napoli ​ជា​ក្រុម​ខ្លាំង​ជាង Man City ​ទៅ​ទៀត។ ​ក្លឹប​នៅ​អង់គ្លេស​តែងតែ​ប្រយុទ្ធ​ដើម្បី​ឈ្នះ​ទាំង​លីគ ​និង Cup ​ក្នុង​ពេល​ជាមួយ​គ្នា។ ​នេះ​ជា​មូលហេតុ​ខ្លះ ដែល​អាច​នឹង​ធ្វើ​ឱ្យ​ពួកគេ​មាន​បញ្ហា។ ​ខ្ញុំ​ជឿ​ជាក់​ថា Napoli ​ជា​ក្រុម​ដែល​អាច​ស្រមៃ​ក្នុង​ការ​ឈ្នះ​ពាន Champions League ​បាន​នៅ​រដូវ​កាល​នេះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT