Ancelotti ៖ ការ​រើសអើង ​មិន​ធ្វើ​ឱ្យ​ Vinicius ​ប៉ះ​ពាល់​អារម្មណ៍​នោះ​ទេ​

​លោក Carlo Ancelotti ​បាន​អះអាង​ថា​រហូត​មក​ដល់​ពេល​នេះ​ការ​រើសអើង​នៅ​តែ​កើត​មាន​មក​លើ​ខ្សែ​ប្រយុទ្ធ Vinicius ​ប៉ុន្តែ​វា​មិន​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​និង​ទម្រង់​លេង​របស់​គេ​ឡើយ។

 

​តាំង​ពី​រដូវ​កាល​មុន រហូត​មក​ដល់​រដូវ​កាល​នេះ ​ការ​រើសអើង​នៅ​តែ​មាន​ជា​និច្ច​មក​លើ Vinicius ​ក្នុង​លីគ​អេស្ប៉ាញ។ ខណៈ​ដែល​ការ​ចេញ​លេង​ក្រៅ​វិញ ​ក៏​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​អាច​នឹង​កើត​មាន​ឡើង​ផង​ដែរ ​ហើយ​ខាង​ក្លឹប Real Madrid ​និង​សាមី​ខ្លួន​ក៏​ធ្លាប់​ចេញ​មុខ​បញ្ជាក់ ​និង​ទាមទារ​ឱ្យ​បញ្ឈប់​រាល់​សកម្មភាព​ទាំង​អស់​នោះ​ដូច​គ្នា។ ត្បិតតែ​មាន​ការ​ព្រមាន​និង​ស្នើ​សុំ​យ៉ាង​ណា ​ការ​រើសអើង​ទៅ​លើ​កីឡាករ​ស្បែក​ខ្មៅ​នៅ​តែ​មាន ​មិន​ថា​តែ​នៅ​អេស្ប៉ាញ​នោះ​ទេ ​ខាង​អង់គ្លេស​ក៏​ដូច​គ្នា។

 

​ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​លោក Carlo Ancelotti ​បាន​អះអាង​ថា​៖ “ខ្ញុំ​សង្ឃឹម​ថា​គេ​នឹង​អាច​រក​ឃើញ​អ្នក​ដែល​តែងតែ​បង្ហាញ​ភាព​រើសអើង។ ការ​រើសអើង​ក្នុង​ពិភព​បាល់ទាត់​គឺ​ពិត​ជា​រឿង​ធ្ងន់ធ្ងរ ហើយ​ក៏​គ្មាន​ច្បាប់​នៅ​ឡើយ​ទេ​សម្រាប់​អ្នក​រើសអើង​នេះ។ ​មិន​ថា​នៅ​អេស្ប៉ាញ​ទេ ​គ្រប់​ប្រទេស​ទាំង​អស់​សុទ្ធ​តែ​មាន​ការ​រើសអើង ​អ្នក​មិន​ងាយ​ដោះស្រាយ​បញ្ហា​នេះ​ងាយ​ៗ​ឡើយ។ តែ​សម្រាប់ Vinicius ​វា​មិន​ធ្វើ​ឱ្យ​គេ​ពិបាក​ចិត្ត​អ្វី​ឡើយ។ Vinicius ​នៅ​តែ​ធ្វើ​បាន​ល្អ ​និង​ផ្ដោត​លើ​ការ​ប្រកួត​ជា​និច្ច។ យើង​ត្រូវ​រួច​ហើយ​សម្រាប់​ប៉ះ Liverpool ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT