លោក Slimane Belmadi គ្រូបង្វឹកក្រុមបាល់ទះ U-19 របស់បារាំង បានលើកការសរសើរចំពោះសមត្ថភាពរបស់អ្នកប៉ះសេ សួន ចាន់ណារ៉ូ ថាសមត្ថភាពមិនធម្មតានោះទេ។
លោក Slimane បាននិយាយថា ណារ៉ូ ជាអ្នកលើកល្អម្នាក់របស់កម្ពុជា។ កីឡាករពាក់អាវ១៧នេះលើកប្រើកដៃបានល្អណាស់ និងធ្វើឱ្យកីឡាករបារាំងពិបាកក្នុងការដេញបាំងផងដែរ។ លោក Slimane ថែមទាំងអះអាងទៀតថាក្បូនលេងរបស់កម្ពុជាក៏ប្លែកម្យ៉ាងដែរ តាមដែលលោកមើលឃើញ ពោលគឺមាន៣នាក់ឈរនៅខាងក្រោម ដើម្បីដេញបាល់តែម្ដង។
ម្សិលមិញនេះក្រុមបាល់ទះជម្រើសជាតិកម្ពុជាប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមបាល់ទះ U-19 បារាំងនៅក្នុងវិមានពហុកីឡដ្ឋានជាតិ។ កម្ពុជាចាញ់ ៣-០ (សិត) ទី១ បារាំង ២៥-២៣ កម្ពុជា ទី២ បារាំង ២៥-២១ កម្ពុជា ទី៣ បារាំង ២៥-២៣ កម្ពុជា។ ប្រកួតលើកទី២ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិដដែល៕