ក្លឹប​៣​នៅ Bundesliga ​មាន​ពិន្ទុ​ស្មើ​គ្នា​តែ​ម្ដង​នៅ​កំពូល​តារាង​

​ពិត​ជា​រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍​មែន​សម្រាប់​ការ​ប្រកួត​នៅ​លីគ​អាល្លឺម៉ង់ Bundesliga ​នា​រដូវ​កាល​នេះ ​ដោយ​ក្លឹប​ចំនួន​៣​ឯ​ណោះ​ដែល​មាន​ពិន្ទុ​ស្មើ​គ្នា ​៤៣​នៅ​កំពូល​តារាង​តែ​ម្ដង។

​នៅ​យប់មិញ​នេះ Dortmund ​បាន​យក​ឈ្នះ​លើ​ក្រុម Hertha Berlin ​ក្នុង​លទ្ធផល ​៤-១។ ​ជាមួយ​ការ​បន្ថែម​៣​ពិន្ទុ​ទៀត​នេះ​ដែរ បាន​ធ្វើ​ឱ្យ​ក្រុម​នេះ​ឈរ​នៅ​លេខ​២​ក្នុង​តារាង ​មាន​៤៣​ពិន្ទុ​ស្មើ​ជាមួយក្រុម​លេខ​១ Bayern Munich ​ដែរ​ហើយ ដោយ​ចាញ់​តែ​គ្រាប់​បាល់​ចំណេញ​ប៉ុណ្ណោះ។ ​មិន​ត្រឹម​ប៉ុណ្ណឹង ​ក្រុម​លេខ​៣ Union Berlin ​វិញ ​ក៏​មាន​៤៣​ពិន្ទុ​ដូច​គ្នា​ផង​ដែរ។ ដោយ​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​ក្រុម​កំពូល​តារាង​ទាំង​៣ ​មាន​ពិន្ទុ​ស្មើ​គ្នាល្អ​ណាស់ ​៤៣​ពិន្ទុ​ដូច​គ្នា ​ឆ្លង​កាត់​២១​ប្រកួត​មក​នេះ។

​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​នោះ​ទេ ​ក្រុម​នៅ​លេខ​៤ Freiburg ​វិញ​ក៏​មិន​ទៅ​ណា​ឆ្ងាយ​ផង​ដែរ។ ពួកគេ​មាន​៤០​ពិន្ទុ​ដែរ ​ខណៈ​ដែល​ក្រុម​លេខ​៥​វិញ RB Leipzig ​មាន​៣៩​ពិន្ទុ ​និង​ក្រុម​លេខ​៦ Frankfruit ​វិញ​មាន​៣៨​ពិន្ទុ។ ​ក្របខណ្ឌ Bundesliga ​នា​រដូវ​កាល​នេះ​មាន​ពិន្ទុ​ប្រដេញ​គ្នា​មែនទែន ​មិន​មាន​ក្រុម​ណា​ឈ្នះ​ដាច់​ពិន្ទុ​នោះ​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT