Ten Hag ​ចង់​ឱ្យ​អ្នក​គាំទ្រ​នៅ Old Trafford ​ផ្ដល់​កម្លាំង​ចិត្ត​ឱ្យ​ខ្លាំង​ក្នុង​ប្រកួត​ទល់ Barcelona

​លោក Erik ten Hag ​ចង់​ឃើញ​អ្នក​គាំទ្រ​ផ្ដល់​កម្លាំង​ចិត្ត​ឱ្យ​ខ្លាំង​ថែម​ទៀត ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម FC Barcelona ​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​នេះ ​ពាន​រង្វាន់ Europa League ​ជើង​ទី​២។

​ក្រុម​បិសាច​ក្រហម ​មាន​ការ​ប្រកួត​ញឹក​មែនទែន។ ​បន្ទាប់​ពី​យក​ឈ្នះ Leicester City ​៣-០ ​នៅ​យប់មិញ​នេះ​ហើយ ពួកគេ​នឹង​បន្ដ​ទៅ​ប៉ះ​ក្រុម Barcelona នៅ​ជើង​ទី​២​នៃ​ពាន​រង្វាន់ Europa League ​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ។ ​ជំនួប​នេះ​ដែរ ​នឹង​ត្រូវ​កាត់​សេចក្ដី​ថា​ក្រុម​ណា​ឡើង​ទៅ​វគ្គ​បន្ដ​ហើយ ព្រោះ​កាល​ពិ​ជើង​ទី​១​កន្លង​ទៅ​នៅ​ទឹក​ដី​អេស្ប៉ាញ ​ពួកគេ​លេងស្មើ​គ្នា​ក្នុង​លទ្ធផល ​២-២។

​លោក Ten Hag ​បាន​និយាយ​ថា​៖ “យើង​គិត​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត។ ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជា​ការ​ប្រកួត​ធំ​សម្រាប់​ពួក​យើង។ យើង​ត្រូវ​តែ​ប្រយុទ្ធ ​អ្នក​គាំទ្រ​របស់​យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​កីឡដ្ឋាន Old Trafford ​ពោរពេញ​ដោយ​ការ​លើក​ទឹកចិត្ត ​ហើយ​យើង​ក៏​ត្រូវ​រៀប​ចំ​គម្រោង​នៃ​ការ​ប្រកួត​ឱ្យ​បាន​ត្រឹម​ត្រូវ​ផង​ដែរ”។ ​ក្រុម Man Utd នៅ​សល់​ការ​ប្រកួត​ច្រើន​ណាស់ ពោល​គឺ​ចប់​ការ​ប្រកួត​ជាមួយ Barcelona ​នេះ​ទៅ ពួកគេ​នឹង​បន្ដ​ទៅ​លេង Carabao Cup ​ផ្ដាច់ព្រ័ត្រ ទល់ Newcastle United ​និង​ពាន FA Cup ​ជុំ​ទី​៥ ទល់ West Ham ​នៅ​ត្រឹម​ខែ​នេះ៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT