Karim Adeyemi ស្តេច​ល្បឿន​លឿន​ដូច​អាមិច ថា​មក​ពី​ចូលចិត្ត​លូក​ម្ហូប​អាហ្វ្រិក​មួយ​នេះ

អស់​ពី​កើប​ផល​ចំណេញ​ជាមួយ​ការ​ផ្ទេរ​ចេញ Erling Haaland និង Jadon Sancho ឥឡូវ​ក្លឹប Borussia Dortmund ហាក់​កំពុង​ឃើញ​សញ្ញា​ត្រៀម​ប្រមូល​លុយ​មួយ​ខ្ទាស់​ធំ​ទៀត​ហើយ បន្ទាប់​ពី​យក​ចូល​ត្រូវ​នូវ​វត្តមាន​យុវជន​ឆ្នើម Karim Adeyemi។

កាល​រដូវ​ក្តៅ​ឆ្នាំ​ទៅ Dortmund បាន​ចាយ​លុយ ៣០ លាន​អឺរ៉ូ​ដោយ​មិន​ស្ទាក់ស្ទើរ ទៅ​លើ Adeyemi ចេញ​ពី​ក្លឹប RB Salzburg ឥឡូវ​រំលង​មិន​ដល់​មួយ​ឆ្នាំ កីឡាករ​លេង​តំណែង​ប្រយុទ្ធ​ស្លាប បាន​សាច​ទេពកោសល្យ កើត​​គុណ​ផល​ដល់​សាង​កំណត់ត្រា​ជា​ស្តេច​ល្បឿន​ប្រចាំ​ក្របខ័ណ្ឌ Bundesliga ហើយ​ក៏​ទើប​តែ​បង្កើត​ភាព​អស្ចារ្យ​នៅ​ពាន​រង្វាន់ Champions League កាល​ពី​ពាក់​កណ្តាល​សប្តាហ៍​ផង​ដែរ។

កីឡាករ​វ័យ ២១ ឆ្នាំ នៅ​ដើម​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ គ្រា Dortmund យក​ឈ្នះ ៥-១ ទៅ​លើ SC Freiburg គេ​បាន​បង្កើន​សន្ទុះ​ល្បឿន​រត់​ទៅ​ព្យាយាម​យក​បាល់ នៅ​ល្បឿន​អតិបរមា ៣៦,៦៥ គីឡូម៉ែត្រ/ម៉ោង យក​ឈ្នះ​ទៅ​លើ​កំណត់ត្រា​ចាស់​របស់​អតីត​កីឡាករ​ក្លឹប Mainz 05 គឺ Jeremiah St.Juste ធ្លាប់​ធ្វើ​បាន​នៅ​ល្បឿន ៣៦,៦៣ គីឡូម៉ែត្រ/ម៉ោង​កាល​រដូវ​កាល​ចាស់។

ជាង​នេះ​រំលង​ជាង​ ១០ ​ថ្ងៃ ចូល​ដល់​ប្រកួត​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្លឹប​ភ្ញៀវ Chelsea នៅ​ជើង​ទី ១ វគ្គ ១៦ ក្រុម Champions League ក៏​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​ផង​ដែរ ហើយ​វិសេសសត្រង់ វា​ជា​គ្រាប់​បាល់ Solo Goal ប្រជែង​ផុត​ទាំង​កីឡាករ​តម្លៃ​ថ្លៃ​បំផុត​នៅ​ក្របខ័ណ្ឌ Premier League ទៀត​ផង។

នោះ​គឺ​នៅ​ពេល​កើត​មាន​បាល់​វាយបក បោះ​ចេញ​ពី​ប្រអប់​របស់ Dortmund មក​ដល់​ជើង Adeyemi ហើយ​គេ​បាន​ព្យាយាម​រត់​នៅ​ល្បឿន​ដ៏​លឿន ផុត​ទាំង​ខ្សែ​បម្រើ​ឆ្នើម Enzo Fernandez ហើយ​មក​ដល់​ប្រអប់​របស់ Chelsea ក៏​អូស​ផុត​ដៃ​អ្នកចាំទី Kepa Arrizabalaga ថែម​ទៀត មុន​ថើ​មួយ​ជើង​ចូល​ទី​បាន​សម្រេច។ វា​គឺ​ជា​គ្រាប់​បាល់ Solo Goal ដ៏​ល្អ​បំផុត​មួយ រត់​នៅ​ចម្ងាយ ៦៤ ម៉ែត្រ ឬ​ចូល​ជិត ៧០ យ៉ាដ​ឯ​ណោះ។

បន្ទាប់​ចប់​ការ​ប្រកួត តារា​ឆ្នើម​វ័យ​ក្មេង​ខាង​លើ បាន​បង្ហើប​ជុំវិញ​អាថ៌កំបាំង​នៃ​ការ​ប្រើប្រាស់​ល្បឿន​ដោយ​ថា​មក​ពី​ហ្សែន​ឪពុក ក៏​ដូច​ជា​កត្តា​នៃ​ការ​ទទួល​ទាន​អាហារ​ជា​ប្រចាំ​នោះ​ឯង។ Adyemi និយាយ៖ “អាច​ថា​មក​ពី​ខ្ញុំ​ចូលចិត្ត​បរិភោគ​អាហារ​របស់​ជាតិសាសន៍​អាហ្វ្រិក ហើយ​វា​មាន​ដើម​កំណើត​ចេញ​ពី​ប្រទេស​នីហ្សេរីយ៉ា ដែល​គេ​ហៅ​ថា fufu វា​មាន​រសជាតិ​ឆ្ងាញ់​ណាស់ តែ​ម្យ៉ាង​ទៀត​អាច​ថា​មក​ពី​ខ្ញុំ​ទទួល​បាន​ហ្សែន​ដ៏​ល្អ​ចេញ​ពី​ឪពុក”។

គួរ​ឲ្យ​ដឹង​ដែរ​ថា កីឡាករ​ខាង​លើ បាន​កើត​ក្នុង​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់ តែ​មាន​ឪពុក​ជា​ជនជាតិ​នីហ្សេរីយ៉ា និង​ម្តាយ​ជា​ជនជាតិ​រ៉ូម៉ានី។ ណែនាំ​ឲ្យ​ស្គាល់​ផង​ដែរ “Fufu” មុខ​ម្ហូប​ដែល Adeyemi ចូលចិត្ត សម្លឹង​មួយ​ភ្លែត​ប្រៀប​ដូច​ទៅ​ជា​នំប៉ាវ តែ​ការ​ពិត​វា​ផ្សំ​ចេញ​ពី​ម្សៅ​ដំឡូងមី មក​បុក​ចូល​ជាមួយ​ដំឡូង​ជ្វា រួច​មូល​ទៅ​ជា​បាល់ ដោយ​គេ​អាច​ទទួល​ទាន​វា​ជាមួយ​សាច់​ត្រី ឬ​បន្លែ ឬ​ម្យ៉ាង​ទៀត​លូក​ជាមួយ​ទឹក​ជ្រលក់​ដូច​បាន​បង្ហាញ។

ចុង​ក្រោយ​ទៅ​មើល​ស្ថិតិ​កីឡាករ​ជំនាញ​ជើង​ឆ្វេង រដូវ​កាល​នេះ ២៣ ប្រកួត ក៏​រក​បាន ៥ គ្រាប់​និង Assist ២ លើក ហើយ​ជាប់​កុងត្រា​ជាមួយ Dortmund ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៧។ ប្រសិន​ណា​ជា​ទម្រង់​លេង​នៅ​តែ​បន្ត​ធ្វើ​បាន​ល្អ ឬ​អាច​នាំ​ឲ្យ​ក្លឹប​ឈ្នះ​ពាន​រង្វាន់​ណា​មួយ នោះ​ហាងឆេង​តម្លៃ​ខ្លួន ប្រាកដ​នឹង​កើន​ឡើង​គុណ​មួយ​ទ្វេ​ជា ២ ជា ៣ ចូល​ដល់​ល្បាក់​រយ​លាន​អឺរ៉ូ​ក៏​ថា​បាន​នា​ពេល​ខាង​មុខ៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT