លើក​ដំបូង! Ten Hag ​ថា Man Utd ​អាច​ប្រជែង​ពាន Premier League ​បាន​

​នេះ​ជា​លើក​ដំបូង​ហើយ ដែល​លោក Erik ten Hag ​បាន​និយាយ​ថា​ក្រុម​បិសាច​ក្រហម Manchester United ​មាន​ឱកាស​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់ English Premier League ​បាន​នោះ។

​កាល​ពី​ចូល​ដឹក​នាំ​ក្រុម​ដំបូង ​លោក Ten Hag ​មិន​ផ្ដោត​ទៅ​លើ​ការ​ឈ្នះ​ពាន​ទេ ប៉ុន្តែ​គោលដៅ​ក្រុម​ធំ​គឺ​ស្ថិត​នៅ​តំបន់ Top4 ​ឱ្យ​បាន។ ​តែ​បន្ទាប់​ពី​ធ្វើ​បាន​ល្អ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​មក ពេល​នេះ​ក៏​ស្រាប់​តែ​បុរស​សញ្ជាតិ​ហុល្លង់​ចេញ​មក​អះអាង​ថា​ឱកាស​ក្នុង​ការ​ប្រជែង​ពាន Premier League ​របស់​ក្រុម Man Utd ​នៅ​មិន​ទាន់​អស់​នោះ​ទេ។ ​នា​រដូវ​កាល​នេះ ​ក្រុម​របស់​លោក​នៅ​តែ​មាន​ឱកាស​ហើយ​វា​នឹង​បង្ហាញ​ច្បាស់​នៅ​ខែ​មេសា​ខាង​មុខ។ ខណៈ​ដែល​ពេល​នេះ Man Utd ​នៅ​គម្លាត​៥​ពិន្ទុ​ប៉ុណ្ណោះ​ពី​ក្រុម​កំពូល​តារាង Manchester City ​។

​លោក Ten Hag ​និយាយ​បែប​នេះ​ថា​៖ “អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​ត្រូវ​តែ​នៅ​ចំណុច​ល្អ​បំផុត​នៅ​ខែ​មេសា​ខាង​មុខ។ ដូច្នេះ​អ្វី​ដែល​យើង​ត្រូវ​គិត​ពេល​នេះ​គឺ​ការ​ប្រកួត​បន្ទាប់។ យើង​តែងតែ​ទាមទារ​ធ្វើ​យ៉ាង​ណា​លេង​ឱ្យ​បាន​ល្អ​ជាង​ប្រកួត​មុន ​និង​គិត​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត។ ​នេះ​ជា​ការ​តាំង​ចិត្ត ​និង​ផ្ដោត​អារម្មណ៍​របស់​យើង​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT