ឆ្លើយទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានដែលកើតឡើងនៅក្នុងសន្និសីទសារព័ត៌មាននៃការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 គ្រូបង្វឹកកម្ពុជា បានបង្ហាញគោលជំហរថា ការប្រកួតថ្ងៃស្អែកនេះ នឹងល្អប្រសើរជាងមុន។
លោក Félix Agustín González Dalmás បាននិយាយយ៉ាងដូច្នេះថា៖ « ជាការពិត ការប្រមូលផ្តុំរយៈពេល ១ខែ គឺវានឹងល្អជាងរយៈពេល ១ថ្ងៃ ឬ១សប្តាហ៍ ហើយក្រុមយើងនឹងរំពឹងថាធ្វើបានល្អ ពេលជួបម៉ាឡេស៊ីម្តងទៀត ព្រោះពួកយើងបានសិក្សាពី
បទពិសោធន៍នៃការប្រកួតកន្លងទៅ » ។
គួររំលឹកថា កាលពីថ្ងៃទី ១០ ខែ កញ្ញា កន្លងទៅ កម្ពុជា បានប្រកួតចាញ់ម៉ាឡេស៊ី ម្តងរួចមកហើយ ក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំ ដែលកាលនោះ នៅចំពោះមុខអ្នកគាំទ្រជាង ៣ម៉ឺននាក់ កម្ពុជា បានបើកការរកគ្រាប់បាល់នាំមុខ ១គ្រាប់មុន ក្នុងវគ្គទី១
ពោលគឺមុនពេលដែលក្រុមភ្ញៀវ វាយបកយកឈ្នះវិញក្នុងវគ្គទីពីរ ។
ការប្រកួតថ្ងៃស្អែកនេះ គឺនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦:៣០នាទីល្ងាច ដែលជាការប្រកួតបើកឆាកពានរង្វាន់ AFF Suzuki Cup 2018 ៕