Chelsea ​ចាយ​រាប់​រយ​លាន នៅ​តែ​មិន​អាច​ឈ្នះ Dortmund ​បាន​ដដែល​

​ក្រុម​តោ​ខៀវ Chelsea ​បាន​ចាយ​ប្រាក់​រាប់​រយ​លាន​ផោន​ក្នុង​ការ​ទិញ​កីឡាករ​ថ្មី​ចូល ប៉ុន្តែ​ពួកគេ​នៅ​មិន​អាច​យក​ឈ្នះ​លើ​ក្រុម Dortmund ​បាន​ដដែល​ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៃ​ពាន​រង្វាន់ UEFA Champion League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

​នៅ​យប់មិញ ​ក្រុម Chelsea ​បាន​ដាក់​កីឡាករ​ពេញ​ជើង​អស់​ហើយ​ដើម្បី​តតាំង​ជាមួយ​ក្រុម Dortmund ក្នុង​ការ​ស្វែង​រក​ជ័យជម្នះ​ឱ្យ​ក្រុម​វិញ។ តែ​ជាក់​ស្ដែង ​លទ្ធផល​នៅ​មិន​ដូច​បំណង​នោះ​ទេ ពួកគេ​បន្ដ​បរាជ័យ​ក្នុង​លទ្ធផល ១-០ ​ទៀត ដែល​មិន​អាច​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​បាន​នោះ​ទេ។ ​ប្រសិន​បើ​លទ្ធផល​នៅ​តែ​បន្ដ​បែប​នេះ​ទៀត ​នោះ​តំណែង​របស់​លោក Potter ​អាច​នឹង​រង្គោះរង្គើ​ហើយ ព្រោះ​លោក​បាន​ចំណាយ​ប្រាក់​ច្រើន​មែនទែន​ក្នុង​ការ​ទិញ​កីឡាករ​ថ្មី តែ​មិន​មាន​ការ​ប្រសើរ​ឡើង​សោះ។

​ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​ UEFA Champions League ​២​យប់​នេះ ឃើញ​ថា​ក្រុម​មក​ពី​អង់គ្លេស​២ គឺ Spurs ​និង Chelsea ​សុទ្ធ​តែ​ធ្វើ​មិន​បាន​ល្អ​ដូច​គ្នា។ Spurs ​លេង​ចាញ់ AC Milan ​ក្នុង​លទ្ធផល ១-០ ​ស្រប​ពេល​ក្រុម Chelsea ​វិញ លេង​ចាញ់​ក្រុម Dortmund ​ក្នុង​លទ្ធផល ​១-០ ​ដូច​គ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT