Bayern តាម​លង Messi ដល់​ប៉ារីស ស្រប​ពេល Davies សម្រេច​ក្តី​ស្រមៃ ក្រោយ​រង់ចាំ​អស់ ៣ ឆ្នាំ

ជួន​ពេល​ដែល AC Milan បាន​យក​ឈ្នះ ១-០ ទៅ​លើ​មាន់​ខ្នាយ​មាស Spurs នៅ​ម៉ោង​ជាមួយ​គ្នា​នោះ ការ​ប្រកួត​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ក៏​បាន​កើត​មាន​បរាជ័យ​របស់​ម្ចាស់ដី​ផង​ដែរ បន្ទាប់​ពី​ក្លឹប​ភ្ញៀវ Bayern Munich រក​បាន ១ គ្រាប់ ទៅ​លើ PSG។

មុន​ឈាន​ដល់​ការ​ប្រកួត UCL ២ គូ​បន្ថែម រវាង Club Brugge-Benfica និង Dortmund-Chelsea មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS Sports យើង​សូម​ធ្វើ​ការ​រំឭក​នូវ​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ៣ ​​ក្នុង​ទឹកដី Parc des Princes កាល​ពី​យប់មិញ៖

៣) ​យុវជន​ដែល PSG បណ្ដុះ ​មក​ប្រោស​ជ័យជម្នះ​ជូន Bayern

ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​ឆ្ងល់ ហេតុអ្វី​កីឡាករ​អ្នក​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្លឹប​អាល្លឺម៉ង់ គឺ Kingsley Coman បែរ​ជា​មិន​បញ្ចេញ​ស្ទាយ​អបអរ ទល់ PSG។ នោះ​ក៏​ដោយសារ​តែ​ក្លឹប​លោក Christope Galtier អតីតកាល​ធ្លាប់​ជា​ផ្ទះ​ទី​មួយ​ក្នុង​អាជីព​ជា​កីឡាករ ហើយ​ការ​ប្រកួត​សារ​នេះ គឺ​ធ្វើ​ឡើង​នៅ​ទឹកដី​កំណើត ប្រទេស​បារាំង​របស់​ខ្លួន​ទៅ​ទៀត។

ស្លាប​ប្រយុទ្ធ វ័យ ២៦ ឆ្នាំ បាន​ធំធាត់​ឡើង​ជាមួយ PSG តាំង​ឈុត​យុវជន វិវត្ត​មក​ឈុត U19 មុន​ Promote ឡើង​ឈុត​ធំ ហើយ​ឈរ​ជើង​បាន ៣ ឆ្នាំ មុន​ផ្លាស់​ទៅ​ក្លឹប​សេះ​បង្កង់ Juventus និង Bayern Munich។

តើ​នរណា​ទៅ​ដឹង​មុន ចុងក្រោយ​បែរ​អតីត​យុវជន Coman ជា​អ្នក​បញ្ចប់​ក្លឹប​ចាស់​ខ្លួន​ឯង​ទៅ​វិញ ហើយ​វា​បាន​កើត​ឡើង​ដល់​ទៅ ២ លើក ដូច​កាល​ឆ្នាំ ២០២០ ក៏​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ ជួយ Bayern បំបាក់ PSG នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ទឹកដី​ប្រទេស​ព័រទុយហ្គាល់ ​ឥឡូវ​បក​មក​ប្រទេស​កំណើត ក៏​រក​បាន​គ្រាប់​បាល់​ថែម​ទៀត ជូន Bayern នៅ​វគ្គ ១៦ ក្រុម​ជើង​ទី ១។

២) Alphonso Davies អាច​សម្រេច​ក្តី​ស្រមៃខ្លួនឯង

លើស​តែ​ពី​ការ​ឈ្នះ អ្វី​ដែល​កីឡាករ​កាណាដា​ចង់​បាន​បំផុត គឺ​អាវ​របស់ Lionel Messi។ ត្រលប់​ទៅ​ឆ្នាំ ២០២០ គ្រា Bayern បំបាក់ Barcelona ៨-២ ពេល​នោះ Davies តាំង​ចិត្ត​ទៅ​សុំ​អាវ​តារា​ឆ្នើម​អាហ្សង់ទីន​មួយ​សារ​ហើយ តែ​មិន​បាន​សម្រេច ហើយ​ក៏​ដឹង​ថា ដោយសារ​ Messi មាន​ការ​ខូចចិត្ត​នឹង​បរាជ័យ​ធ្ងន់ធ្ងរ។

ដល់​តែ​សារ​នេះ Davies បាន​សាកល្បង​ម្តង​ទៀត ក៏​សម្រេច​បាន​ដូច​ចិត្ត តែ​ក្នុង​ថ្ងៃ Messi ទទួល​រង​បរាជ័យ​ដូច​មុន ជា​រួម Bayern តាម​លង​មក​ដល់​ប៉ារីស ទោះ​កីឡាករ​វ័យ ៣៥ ឆ្នាំ​ប្តូរ​ក្លឹប​ថ្មី​ហើយ​ក៏​ដោយ។

១) Kylian Mbappe ប្រាប់​តាក់តិច​យក​ឈ្នះ Bayern នៅ​ជើង​ទី ២

យុវជន​ឆ្នើម​របស់ PSG ​ប៊ិះ​តែ​នឹង​រក​បាន​គ្រាប់​បាល់​ទៅ​ហើយ តែ​បែរ​ពិនិត្យ​ឃើញ​ថា Offside ដោយ​ប្រព័ន្ធ VAR។

យ៉ាង​ណា​បន្ត​ទៅ​ជើង​ទី ២ ក្នុង​ទឹកដី​ប្រទេស​អាល្លឺម៉ង់ សម្រាប់ Mbappe នៅ​តែ​មាន​សង្ឃឹម​ហើយ​បាន​ប្រាប់​សារព័ត៌មាន Canal+ ដូច្នោះ​ថា៖ “គ្រប់​គ្នា​ត្រូវ​តែ​មាន​សុខភាព​ល្អ គេង​ឲ្យ​បាន​គ្រប់គ្រាន់ ហូប​ចុក​ឲ្យ​បាន​ស្រួល យើង​ប្រាកដ​នឹង​អាច​ធ្វើ​អ្វី​មួយ​នៅ​ជើង​ទី ២ ជាង​នេះ​ខ្ញុំ​ជឿ​ថា បើ​យើង​លេងប្រយុទ្ធ​ខ្លាំង ប្រាកដ​ណាស់ Bayern នឹង​មិន​អាច​នៅ​ស្រួល​កើត​ទេ ហើយ​ព្យាយាម​លេង​បត់បែន​ឲ្យ​លឿនៗ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT