មាន​សុខ​រួម​សុខ មាន​ទុក្ខ​រត់​ចោល Haaland រើ​បម្រាស់​ចង់​ផ្លាស់​ទៅ​ក្លឹប​យក្ស​ថ្មី ២ នេះ​ហើយ

ស្ថានការណ៍​របស់​ក្លឹប​ Manchester City នៅ​ពេល​ចុង​ក្រោយ គឺ​មិន​ខុស​ពី​រឿង​ហេតុ​កាល​ឆ្នាំ ២០២០ ឡើយ តែ​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​មុនបន្ថែម​ទៀត ដ្បិត​អី​កំពុង​រង​ការ​ចោទប្រកាន់​ដល់​ទៅ ១១៥ ករណី ពាក់ព័ន្ធ​ការ​ល្មើស​ច្បាប់​ហិរញ្ញវត្ថុ។ មិន​ត្រឹម​តែ​អាច​នឹង​អស់​កៅអី​នៅ Champions League ថា​មិន​ត្រូវ​សូម្បី​ឈ្មោះ​ឈរ​ជើង​នៅ Premier League ក៏​រក្សា​មិន​គង់​ផង ប្រសិន​ជា​រក​ឃើញ​ថា ក្លឹប​បាន​ដើរ​ខុស​ដូច​ការ​ចោទប្រកាន់​មែន​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកចាត់ការ​លោក Pep Guardiola ធ្លាប់​បាន​បកស្រាយ​ហើយ ថា​លោក​មិន​កាន់​ជើង​ឬ​ឈរ​ខាង​ណា​​ទេ បើ​ក្លឹប​ពិត​ធ្វើ​ខុស ហើយ​បាន​កុហក​គ្រប់​យ៉ាង នោះ​លោក​នឹង​ចាកចេញ​ដោយ​គ្មាន​ការ​ស្តាយក្រោយ ហើយ​ក៏​គ្មាន​សូម្បី​ពាក្យ​ថា​ជា “មិត្ត” ទុក​ហៅ​នៅ​ពេល​ក្រោយ​នោះ​ដែរ។

ឥឡូវ​ងាក​មក​ស្ថានភាព​កីឡាករ មិន​ទាន់​ជា​លេចលឺ​ច្រើន​ឡើយ​អំពី​ការ​ចង់​ចាកចេញ តែ​មួយ​រឿង​លេច​លឺ​ដំបូង គឺ​ពាក់ព័ន្ធ​អនាគត​តារា​ឆ្នើម​ប្រចាំ​ក្លឹប​ជា​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ Erling Haaland ដែល​ទើប​ផ្ទេរ​មក​ចូលរួម មិន​ទាន់​បាន​មួយ​រដូវ​កាល​ស្រួលបួល​ផង។

បើ​ទោះ​បី​ស្ថិតិ​ការ​រក​គ្រាប់​បាល់ សមិទ្ធផល​សម្រេច​បាន​នៅ City ឃើញ​ថា​កើត​ផ្លែផ្កា​យ៉ាង​ឆាប់​រហ័ស តែ​យុវជន​សញ្ជាតិ​ន័រវេស​ហាក់​រើ​បម្រាស់​គិត​ចង់​ចាកចេញ​ដ៏​ប្រញាប់ប្រញាល់​នៅ​ពេល​ខាង​មុខ​នេះ​ហើយ ដោយ​ឈរ​លើ​ហេតុផល​ធំ ២ ទី ១) គឺ​ការ​មាន​ទំនាក់ទំនង​មិន​សូវ​ល្អ​រវាង​អ្នកចាត់ការ​លោក Pep Guardiola និង​ទី ២) ពាក់ព័ន្ធ​ភាព​មិន​ប្រាកដប្រជា​អំពី​អនាគត​របស់​ក្លឹប​ពេល​ទៅ​មុខ ក្រោយ​កើត​មាន​បញ្ហា​ល្មើស​ច្បាប់ Financial Fair Play ជា​ថ្មី។

គួរ​ឲ្យ​ដឹង​ថា កន្លង​មក​សូម្បី​អតីត​ជើង​ចាស់​លោក Dietmar Hamann ក៏​មិន​ចង់​ជឿ​ដែរ​នា​ដំណាក់​កាល​ដំបូង​ថា Haaland ជ្រើស​ការ​ផ្ទេរ​មក​ក្លឹប​សំពៅ​មាស។ លោក​បាន​លើក​ឡើង​ប្រាប់​កាសែត TalkSPORT យ៉ាង​ដូច្នោះ​ថា៖ “ខ្ញុំ​អត់​ធ្លាប់​គិត​ទេ​ថា Haaland មក City ព្រោះ​អី​គេ​មិន​ធ្លាប់​ជា​កីឡាករ​ដែល Guardiola ចង់​បាន​នោះ​ឡើយ”។

ឥឡូវ​ពេលវេលា​នៃ​ការ​ចាកចេញ​របស់​កីឡាករ ក៏​ទំនង​ចូល​មក​ដល់ ហើយ​បង្ខំ​ចង់​ចាកចេញ​ឲ្យ​បាន​មុន​ឆ្នាំ ២០២៤ ពោលមុនកិច្ចព្រមព្រៀង​តម្លៃ​ផ្តាច់​កុងត្រា ២០០ លាន​អឺរ៉ូ ត្រូវ​ចាប់​បើក​ដំណើរការ ម្ល៉េះ​បើ​អូស​បន្លាយ​ហួស​ដល់​ពេល​នោះ ទោះ​ចង់​ចាកចេញ​ក៏​អាច​ពិបាក​ដែរ។

បើ​តាម​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ ទ្រនំ​បន្ទាប់​ដែល​យុវជន​វ័យ ២២ ឆ្នាំ គិត​ចង់​ទៅ​ចូលរួម គឺ​មាន​តែ ២ ប៉ុណ្ណោះ ហើយ​ក៏​ជា​ក្លឹប​អាច​មាន​លទ្ធភាពត្រងយក មិន​ថា​តែ​លើ​តម្លៃ​ផ្ទេរ និង​ទំហំ​ប្រាក់​ឈ្នួល នោះ​រួម​មាន​ក្លឹប​សេដ្ឋី​បារាំង Paris Saint-Germain និង​ក្លឹប​ស្តេច​ពាន UCL ១៤ សម័យ​កាល Real Madrid។

ចំពោះ​តម្លៃ​ផ្ទេរ​ចេញ ដែល City អាច​បើក​ភ្លើង​ខៀវ​ឲ្យ​មនុស្ស​យន្ត​ខាង​លើ​ចាកចេញ​គឺ​អាច​ចន្លោះ​ពី ១៥០ ទៅ ១៧៥ លាន​អឺរ៉ូ ឬ​អាច​ឈាន​ដល់​ជិត ២០០ លាន​អឺរ៉ូ ស៊ីសង​លើ​ការ​ចរចា​ក្នុង​លក្ខខណ្ឌ​សមស្រប​ណា​មួយ។

រំឭក​អំពី​ស្ថិតិ​បង្ហាញ​ខ្លួន​រដូវ​កាល​នេះ​បន្តិច ​ឃើញ​ថា​កីឡាករ​ជំនាញ​ជើង​ឆ្វេង​ធ្វើ​បាន​ល្អ​ខ្លាំង ដ្បិត​ទើប​តែ ២៨ ប្រកួត ក៏​អាច​រក​បាន​ដល់ ៣១ គ្រាប់​និង Assit ៣ លើក​ឯ​ណោះ នេះ​កំពុង​ឆ្ពោះ​ទៅ​ការ​ឈ្នះ​ពាន​ស្បែក​ជើង​មាស​តំបន់​អឺរ៉ុប​នៅ​បញ្ចប់​រដូវ​កាល​ទៀត​ផង៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT