CAMSOC ​ជំរុញ​នាយក​បច្ចេកទេស​សហព័ន្ធ​កីឡាជាតិ ត្រូវ​ពង្រឹង​សមត្ថភាព​គ្រប់​ប្រភេទ​កីឡា​

​គណៈអចិន្រ្តៃយ៍​ នៃគណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី​៣២ ឆ្នាំ​២០២៣​ (CAMSOC) ​បាន​បើក​កិច្ច​ប្រជុំ​ជាមួយ​សហព័ន្ធ​កីឡាជាតិ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ​ដើម្បីបញ្ជាក់ពីភារកិច្ច​ តួនាទី​ កា​រត្រៀមខ្លួន​ និង​ដោះស្រាយ​បញ្ហា​ប្រឈម​សេស​សល់ ក្រោម​អធិបតី​ភាព​ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្រ្តៃយ៍ CAMSOC។

​ឯកឧត្តម វ៉ាត់ ចំរើន​ អគ្គលេខាធិការ ​CAMSOC បានរៀបរាប់ថា​ កិច្ចប្រជុំ​នេះផ្តោត​សំខាន់​លើការងារ​ចាំបាច់​ចំពោះ​មុខ​ជា​ច្រើន។​ ថាតើសហព័ន្ធកីឡាជាតិត្រូវធ្វើអ្វីខ្លះ ដឹកនាំអ្វីខ្លះ​ និង​មាន​បញ្ហា​អ្វីខ្លះ​ដែល​ត្រូវ​ដោះស្រាយ​ទាំងអស់​គ្នា​ឲ្យ​ទាន់​ពេលវេលា ​ពីព្រោះ​ការរៀបចំ​ភាគ​ច្រើន​ពាក់​ព័ន្ធ​គ្នា​រវាង​ សហ​ព័ន្ធកីឡាជាតិ ​គណៈកម្មការជំនាញរបស់ CAMSOC ​និង​សហព័ន្ធ​កីឡា​អន្តរជាតិ។​ ដូច្នេះ​ភាគី​ទាំង​៣ត្រូវ​ទទួល​ខុស​ត្រូវរួមគ្នា​ដោយ​សហការ​រៀបចំការ​ប្រកួត​កីឡា​នីមួយៗ​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលួន ​និងស្រប​តាម​ស្តង់​ដាអន្តរជាតិ។ ​សហព័ន្ធ​កីឡាជាតិ​ត្រូវ​យល់​ដឹង​ពី​លក្ខន្តិកៈ តម្រូវ​ការ​ច្បាស់​លាស់ ​តាម​ផ្នែក​នីមួយៗ​ និង​យល់​ពី​យន្តការ​របស់​ហ្គេម​ ខុស​ពី​យន្តការ​ប្រកួត​ជើងឯក​តាម​ប្រភេទ​កីឡា​មួយ​ៗ ​មាន​លក្ខណៈ​បុព្វសិទ្ធិ ​និង​ឯករាជ្យ​របស់​សហព័ន្ធ​កីឡាជាតិ ​ប៉ុន្តែ​ហ្គេម​ ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​បទបញ្ញត្តិ​ហ្គេម​ ក្នុងការប្រកួតជាពហុកីឡា ដើម្បី​យកទៅ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព។

​កម្លាំង​សំខាន់​មួយ​ទៀត ​គឺ​ការ​គាំទ្រ​ដល់​ដំណើរ​ការ​ប្រកួត​ដោយ ​មាន​អ្នក​ស្ម័គ្រចិត្ត​ អ្នក​ពិធីការ​ក្នុង​ពិធី​ផ្សេង​ៗ​ដូច​ជា​ពិធី​រៀប​ចំ​ការ​ប្រកួត​ ពិធី​បំពាក់​មេដាយ ​ដែល​ត្រូវ​បែងចែក​ភារកិច្ច​ និង​តួនាទី​គ្នា​រវាង​គណៈ​កម្មាធិការជាតិ ​CAMSOC​ ជាមួយ​សហព័ន្ធ​កីឡាជាតិ។​ ឯកឧត្តម ​វ៉ាត់ ចំរើន​ បាន​បន្ថែម​ថា ​ឯកឧត្តមបណ្ឌិត​ ថោង ខុន ​បានណែនាំឲ្យនាយកបច្ចេកទេសដែលបញ្ជូនមកពីសហព័ន្ធ និង​ត្រូវ​បាន​សម្តេចពិជ័យសេនា ទៀ បាញ់​ ប្រធាន CAMSOC បាន​បញ្ចូលឈ្មោះជាមន្រ្តី​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការប្រកួតកីឡាស៊ីហ្គេម ​ឆ្នាំ២០២៣ ​ធ្វើការ​លើ​ផ្នែក​បច្ចេកទេស ដឹកនាំ​លើ​ការ​ប្រកួត​តាម​ប្រភេទ​កីឡា​នីមួយៗ ​ត្រូវធ្វើ​ការងារ​ជាមួយសហព័ន្ធអន្តរជាតិ ដែល​មាន​បច្ចេកទេស​ស្តង់ដា​អន្តរជាតិ​ បទ​បញ្ជាការប្រកួតអន្តរជាតិត្រូវតែបន្ស៊ីគ្នា។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT